(បាត់ដំបង)៖ ពលករខ្មែរចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការ នៅបន្ទាប់ព្រំដែនកម្ពុជា-ថៃ ឃាត់ខ្លួន បន្ទាប់ពីពួកគេបានឆ្លងដែនមកពីប្រទេសថៃ ហើយគេចវេះមិនធ្វើចត្តាឡីស័ក។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានដកស្រង់សេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តបាត់ដំបង បង្ហោះលើ Facebook ផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា កម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណុចប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែន មកពីប្រទេសថៃចំនួន៧នាក់ (ស្រី២នាក់ រួមទាំងក្មេងប្រុសម្នាក់ផង) ដែលគេចវេះមិនព្រមចូលធ្វើចត្តាឡីស័ក ស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន នៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ ២០២១។

បច្ចុប្បន្នពលករទាំង៧នាក់ ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្ត ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ស្រុកសំពៅលូន៕