(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងក្រោមឱវាទចាក់វ៉ាក់វាំងកូវីដ១៩ លើកដំបូង នៅក្នុងបរិវេណវេណ មន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃនេះថា រយៈពេលពេញមួយថ្ងៃទី២៤ ខែកុម្ភៈ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តឧត្តរមានជ័យ បានចំនួន១០២នាក់ ក្នុងនោះមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ទទួលការចាក់វ៉ាក់សាំងមានចំនួន៩៨នាក់ និងមន្ត្រីសុខាភិបាលខេត្តមានចំនួន៤នាក់។

លោកប្រធានមន្ទីរសុខភិបាលខេត្ត បានថ្លែងបញ្ជាក់ថា «ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តឧត្តរមានជ័យ គឺចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ គិតមកដល់ថ្ងៃនេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវដ១៩ នៅខេត្តឧត្តរមានជ័យ បានចំនួនសរុប១៥៣នាក់ហើយ ចំពោះការចាក់វ៉ាក់សាំងគឺធ្វើឡើងដោយស្ម័គចិត្ត ប៉ុន្តែអាចចាក់បានតែមន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យតែប៉ុណ្ណោះ៕