(ភ្នំពេញ)៖ តម្លៃត្រីប្រា ត្រីពោ ត្រីឆ្ពោ ក្នុងស្រុកចុះថោកខ្លាំង និងគ្មានអ្នកបញ្ជាទិញ ធ្វើឲ្យប្រជាកសិករ ដែលប្រកបរចិញ្ចឹមត្រី ប្រឈមនឹងការខាតបង់ខ្លាំង។ បច្ចុប្បន្ននេះត្រីប្រាតម្លៃក្រោម៥ពាន់រៀល ត្រីឆ្ដោតម្លៃ១១,០០០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយដ៏ថោក និងគ្មានទីផ្សារ។
ដើម្បីដោះស្រាយបញ្ហា និងកង្វល់ទាំងនេះលោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករនៅកម្ពុជា ស្នើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយអន្ដរាគមន៍ជាបន្ទាន់ ដើម្បីជួយដល់អ្នកចិញ្ចឹមត្រីនៅកម្ពុជា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ លោក សុខ រ៉ាដែន បានឲ្យដឹងថា កន្លងមកទីផ្សារត្រីមានច្រើន និងបានផ្គត់ផ្គង់ដល់អាជីវករផ្សេងៗ ប៉ុន្ដែមួយរយៈចុងក្រោយនេះ ឈ្មួញមិនបានបន្ដទិញត្រីពីប្រជាពលរដ្ឋនោះទេ ដោយសារតែពួកគេបាននាំចូលត្រីពីប្រទេសវៀតណាម ដែលបណ្ដាលឲ្យត្រីកកស្ទះលក់មិនចេញ។
លោកបានបន្ដថា «តម្លៃត្រីដែលឈ្មួញបានទិញ មានតម្លៃតាមប្រភេទត្រីនីមួយៗ ជាក់ស្ដែងដូចត្រីប្រា មានតម្លៃចន្លោះ៥ពាន់រៀល ឬក្រោម៥ពាន់រៀល ចំណែកត្រីឆ្ដោតម្លៃចន្លោះ១,១០០០រៀលប៉ុណ្ណោះ ដែលតម្លៃនេះជាតម្លៃមួយខាត ដោយសារតែប្រជាពលរដ្ឋប្រើថ្លៃដើមអស់ច្រើន»។
ប្រធានសមាគមរូបនេះសង្កត់ធ្ងន់ថា «ទោះបីជាតម្លៃត្រីធូរថ្លៃថោកប៉ុណ្ណឹងហើយ ក៏មិនមានឈ្មួញត្រូវការទិញត្រី ពីប្រជាពលរដ្ឋនោះឡើយ»។
លោក សុខ រ៉ាដែន បានបន្ដថា ដើម្បីជួយដល់ប្រជាពលរដ្ឋ ប្រកបរបចិញ្ចឹមត្រីនេះ ក្នុងនាមសមាគមលោកសូមស្នើដល់ក្រសួងពាក់ព័ន្ធ ពិសេសរដ្ឋបាលជលផលជួយអន្ដរាគមន៍ រឹតបន្ដឹងក្នុងការនាំចូលត្រី ពីបណ្ដាប្រទេសជិតខាង ដើម្បីជួយដល់អ្នកចិញ្ចឹមក្នុងស្រុក ឲ្យមានទីផ្សារឡើងវិញ។
ប្រធានសមាគមបញ្ជាក់ថា «វារីវប្បករនៅកម្ពុជាមានតែអង្វរករ ក៏ដូចជាស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអាជ្ញាធរតាមតំបន់ព្រំដែន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយដល់ប្រជាពលរដ្ឋប្រកបមុខរបនេះ ដោយសារតែការប្រកបរបរនេះ ប្រជាពលរដ្ឋពឹងផ្អែកលើការខ្ចីលុយពីធនាគារ, ជំពាក់អ្នលក់ចំណីជាដើម ដូច្នេះប្រសិនបើត្រីមិនមានទីផ្សារទេ ពួកគាត់នឹងប្រឈមការលំបាកច្រើន។ សមាគមចង់ឲ្យក្រសួងទាំងអស់អន្ដរាគមន៍ សម្រួលដល់ប្រជាពលរដ្ឋ»។
សូមជម្រាបថា ការចិញ្ចឹមត្រីរបស់ប្រជាកសិករនីមួយៗ ត្រូវប្រើពេលប្រមាណចន្លោះ៨ខែ ដល់មួយឆ្នាំ ចំណែកឯការចិញ្ចឹមទៀតសោតនោះ ត្រូវប្រើប្រាស់ដើមទុនច្រើនដូចជាការផ្ដល់ចំណី ការផ្ដល់ប្ដូរទឹកក្នុងស្រះជាដើម ព្រមទាំងថែទាំងយ៉ាងយកចិត្តទុកដាក់បំផុត។
កសិករចិញ្ចឹមត្រីក្នុងខេត្តកំពង់ចាម លោក លក លឿន បានឲ្យដឹងថា នៅពេលដែលមិនមានការបញ្ជាទិញពីឈ្មួញ ធ្វើឲ្យការចិញ្ចឹមត្រីប្រឈមនឹងការខាតបង់ច្រើន ដោយក្នុងមួយស្រះខាតបង់ប្រមាណ ១៥ ០០០ដុល្លារ។
លោកបានបន្ដថា បច្ចុប្បន្ននេះតម្លៃត្រីឆ្ដោលក់បានក្នុងចន្លោះ១១ ០០០រៀល, ត្រីប្រាតម្លៃ៤ ៥០០រៀល, ត្រីពោតម្លៃ ៦ ៥០០រៀល និងត្រីអណ្ដែងតម្លៃ ៥ ០០០រៀល សម្រាប់អ្នកចិញ្ចឹមគិតថា តម្លៃប៉ុណ្ណឹងអាចទទួលយកបានមិនចំណេញ ប៉ុន្ដែរួចខ្លួនមិនខាតច្រើន។ ប៉ុន្ដែបន្ទាប់ពីក្រសួងអនុញ្ញាត ឲ្យមានការនាំចូលត្រីវិញ ឃើញថាតម្លៃត្រីធ្លាក់ចុះ ជាក់ស្ដែងសម្រាប់ត្រីឆ្ដោ ធ្លាក់មកត្រឹមតែ ៩,៦០០រៀល, ត្រីប្រាធ្លាក់មកត្រឹម ៤ ៥០០រៀល ត្រីពោធ្លាក់មកត្រឹម ៦ ០០០រៀល និងត្រីអណ្ដែងធ្លាក់មកត្រឹម ៤ ០០០រៀល។
លោកបានបញ្ជាក់ថា ការធ្លាក់ចុះនេះ ដោយសារតែការនាំចូលច្រើន ធ្វើឲ្យត្រីក្នុងស្រុកច្រាលលក់មិនចេញ មិនមានអ្នកទិញ ហើយបើមានអ្នកទិញ គឺឲ្យតម្លៃថោកខ្លាំង ដូច្នេះចង់ មិនចង់អ្នកមានអាជីវកម្មតូចត្រូវតែបង្ខំចិត្តលក់។
លោក ឆៃ យ៉ា អ្នកចិញ្ចឹមត្រីនៅខេត្តតាកែវ បានឲ្យដឹងថា «បច្ចុប្បន្ននេះមិនមានឈ្មួញបញ្ជាទិញឡើយ ដោយសារតែឈ្មួយនាំចូលពីវៀតណាមច្រើន ហើយការដែលមិនមានឈ្មួញទិញ ធ្វើឲ្យមានការលំបាកច្រើន ដោយសារតែមិនមានចំណូល ស្ទះលុយក្នុងការបង្វិល»។
លោកបានបន្ដថា បន្ទាប់ពីមិនមានការទទួលទិញចង់ ឬមិនចង់ត្រូវចាប់ត្រីលក់ដោយខ្លួនឯង។ ដោយសារតែការចិញ្ចឹមត្រី បានចំណាយទុនច្រើនប្រមាណ២០ម៉ឺនដុល្លារ ដូច្នេះត្រូវមានលុយដើម្បីបង្ខិល និងសងគេជាដើម។
ការធ្លាក់ថ្លៃនៃតម្លៃត្រីក្នុងស្រុកនេះ អង្គភាពព័ត៌មាន Fresh News បានព្យាយាមទំនាក់ទំនងទៅកាន់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ប្រធានរដ្ឋបាលជលផល ប៉ុន្ដែពុំអាចទាក់ទងបាននោះឡើយ ដោយសារតែទូរស័ព្ទចូល មិនមានអ្នកលើក៕