(ភ្នំពេញ)៖ គណបក្សអំណាចខ្មែរ របស់លោក សួន សេរីរដ្ឋា បានប្រកាសថា នឹងរៀបចំសមាជ​គណបក្សលើកដំបូង​របស់ខ្លួន នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ខាងមុខនេះ។

សេចក្តីប្រកាសរបស់គណបក្សអំណាចខ្មែរ បានឱ្យដឹងថា សមាជគណបក្ស ជាលើកដំបូងនេះ ដែលនឹងមានសមាជិក​ចូលរួមទាំងក្នុង និងក្រៅប្រទេសសរុបជាង៥,០០០នាក់។

គួររំលឹកថា  កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥  ក្រសួងមហាផ្ទៃ បានចេញលិខិត​ជាផ្លូវការមួយ ដោយបាន​សម្រេចទទួលស្គាល់ «គណបក្សអំណាចខ្មែរ» ទៅក្នុងបញ្ជីគណបក្សនយោបាយ នៅក្នុងក្រសួងមហាផ្ទៃជាផ្លូវការ។

លោក សួន សេរីរដ្ឋា ដែលត្រូវបានគេដឹងថា ជាស្ថាបនិកគណបក្សអំណាចខ្មែរ ត្រូវបាន​ព្រះមហាក្សត្រចេញ​ព្រះរាជក្រឹត្យ លើកលែងទោស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណង​ដើម្បីមកបន្ត ដឹកនាំគណបក្សរបស់លោកឡើងវិញ៕