(បាត់ដំបង)៖ ស្ដ្រី២នាក់រស់នៅភូមិអូរល្គុន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងសហការក្រុមមេធាវីនៅខេត្តបាត់ដំបង ព្រមទាំងតំណាងអយ្យការអមសាលាដំបូងខេត្ត ដែលជួយអន្ដរាគមន៍ក្នុងករណីគាត់ត្រូវបានស្ដ្រីម្នាក់ឆបោកប្រាក់ រហូតទទួលបានដំណោះស្រាយសមស្រប។

ស្រ្តីឈ្មោះ មូល សៅឌី និងស្រ្តីឈ្មោះ ឆេង ឡាង បានអះអាងថា ក្រោយសុំអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន និងលោក គី តិច ដើម្បីជួយក្នុងករណីរបស់គាត់ដែលត្រូវស្ដ្រីម្នាក់តាំងខ្លួនជាមេធាវី បោកប្រាស់លុយនោះ នៅពេលនេះគាត់ទទួលបានដំណោះស្រាយសមស្របហើយ ដោយភាគីម្ខាងទៀត បានប្រគល់ប្រាក់មកវិញគ្រប់ចំនួន។

តាមរយៈវីដេអូឃ្លឹបដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ស្រ្តីឈ្មោះ មូល សៅឌី និងស្រ្តីឈ្មោះ ឆេង ឡាង បានបញ្ជាក់ថា ពួកគាត់ទាំងពីរទទួលបានដំណោះស្រាយ និងទឹកប្រាក់មកវិញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយភាគីម្ខាងទៀត បានប្រគល់ប្រាក់មកពួកគាត់ទាំងពីរនាក់វិញ។

ស្ដ្រីទាំង២រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ពួកខ្ញុំសូមគោរពថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម គី តិច ប្រធានមេធាវីស្ម័គ្រចិត្ត ដែលបានជួយរកដំណោះស្រាយជូនពួកគាត់ទាំងពីរនាក់»។

ជាមួយគ្នានេះ ពួកគាត់ក៏បានអរគុណដល់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចជាសហការីរបស់លោកមេធាវី គី តិច ប្រចាំខេត្តបាត់ដំបង ដែលបានជួយរកយុត្តិធម៌ជូនពួកគាត់៕