(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បាននាំយកម៉ាស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ដល់ផ្ទះស្ថិតនៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីការពារពីការរាតត្បាត នៃជម្ងឺឆ្លងកូវីដ១៩។

អភិបាលខណ្ឌបានប្រាប់ថា ក្រោយពីទួលបានម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ លោកក៏បានដឹកនាំកម្លាំងមន្រ្តីសាលាខណ្ឌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំងនេះមុនគេតែម្ដង ដើម្បីពាក់ការពារជម្ងឺកូវីដ១៩ ព្រោះទីនេះមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដម្នាក់ដោយសារតែ កាលពីថ្ងៃទី២០ ខែកុម្ភៈ មានពិធីមង្គលការនៅទីនេះ ហើយក្នុងចំណោមភ្ញៀវ ដែលចូលរួមមានអ្នកផ្ទុកកូវីដ១៩នេះ ដូច្នេះយើងបានយកសំណាកម្ចាស់ដើមការទាំងគ្រួសារ ខាងប្រុស និងខាងស្រីចំនួន ១៥នាក់។

លោកអភិបាលខណ្ឌបានបន្តថា «មូលហេតុនេះហើយទើបយើងក្ដោបទីនោះរយៈពេល ១៤ថ្ងៃសិន ប៉ុន្តែពុំមែនបិទតំបន់នេះមិនឲ្យមានការឆ្លងកាត់តែម្ដងនោះទេ នៅតែដំណើរការជាធម្មតា តែជាការពញាក់អារម្មណ៍ដល់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នេះ ប្លុកនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស លាងដៃ និងរក្សាគម្លាតពីគ្នា កុំធ្វេសប្រហែសថាមិនអីៗឲ្យសោះដោយសារតែយើង មានការសង្ស័យ។ ប៉ុន្តែលទ្ធផលតាមរយៈការធ្វើតេស្តគឺអត់មានទេ ហើយយើងរង់ចាំការធ្វើតេស្តបន្តទៀត ហើយបច្ចុប្បន្ននៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានបិទ២កន្លែង និងកំពុងធ្វើចត្តាឡីស័កលើអ្នកសង្ស័យ៤០នាក់ ក្នុងនោះជនជាតិខ្មែរយើង៣២នាក់ និងជនជាតិបរទេស៨នាក់»

លោក ហែម ដារិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា លោកនឹងបន្តចែកម៉ាសជូនដល់ប្រជាពលរដ្ឋទៀតនៅតាមទីប្រជុំជន ផ្សារជម្ពូវ័ន ផ្សារពោធិ៍ចិនតុង ជាពិសេសបងប្អូនកម្មករ-កម្មការិនីរោងចក្រ ព្រោះយើងមានម៉ាសច្រើនដោយ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ម៉ាស់ឲ្យច្រើនណាស់មិនខ្វះទេ។

ដោយឡែកនៅក្លិបកំសាន្ត ខារ៉ាអូខេ KTV ដែលបំលែងមកជាកន្លែងលក់បាយអាហារដ្ឋានជាដើម យើងសូមឲ្យគាត់ផ្អាក១៤ថ្ងៃសិន ដើម្បីជួយការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា រីឯកន្លែងផ្សេងៗ យើងអនុញ្ញាតឲ្យលក់ដូរ ឬពិធីមង្គលការយើងអត់បិទទេ ប៉ុន្តែត្រូវកាត់បន្ថយភ្ញៀវ ឬរៀបតុបែបណានោះត្រូវអនុវត្តតាមការណែនាំហើយបើល្មើសយើងនឹងចុះបិទភ្លាមតែម្ដង៕