(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំឡើងនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយដែលមាន ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធជាប្រធានអង្គប្រជុំ។

អង្គប្រជុំបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានក្រយាអង្គរ ក្នុងគោលបំណង ដើម្បីជជែកពិភាក្សាអំពីផែនការយុទ្ធសាស្ត្ររយៈពេល ៣ឆ្នាំ របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា រចនាសម្ព័ន្ធ និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល សកម្មភាពចម្បងៗដែលត្រូវសម្រេចឱ្យបានក្នុងឆ្នាំ២០២១ និងអត្ថប្រយោជន៍ទៅកាន់សមាជិកនៃសហព័ន្ធសេវាអប់រំនៅកម្ពុជាទាំងអស់ ដើម្បីរួមកម្លាំងគ្នាក្នុងដឹកនាំសហព័ន្ធសេវាអប់រំនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង ដើម្បីជាប្រយោជន៍ដល់សមាជិក និងវិស័យអប់រំនៅកម្ពុជា។ អង្គប្រជុំដែលប្រព្រឹត្តទៅរយៈពេល ២ម៉ោង បានបញ្ចប់ទៅដោយភាពរលូន។

ឧកញ៉ា ប៉ិច បូឡែន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជាទាំងអស់ ដែលបានចំណាយទាំងកម្លាំងកាយ ចិត្តក្នុងការចូលរួមជាមួយបេសកកម្មរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងការរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា៕