(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញប្រកាសរួមគ្នា ស្ដីពីការកំណត់គំរូត្រា និងការប្រើប្រាស់ត្រាមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត, មន្ទីរពេទ្យបង្អែករាជធានី ខេត្ត, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ។

ប្រកាសអន្ដរក្រសួងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏បានកំណត់ថា គំរូត្រាថ្មីនេះ ត្រូវប្រើប្រាស់ដើម្បីបោះលើឯកសារ និងលិខិតស្នាមផ្លូវការនានា ស្របតាមតួនាទី និងការទទួលខុសត្រូវរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត, មន្ទីរពេទ្យបង្អែករាជធានី ខេត្ត, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ។

ប្រកាសដដែលកំណត់ទៀតថា រដ្ឋបាលរាជធានី ខេត្ត ត្រូវប្រមូលត្រាចាស់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត, មន្ទីរពេទ្យបង្អែករាជធានី ខេត្ត, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ដែលបានបញ្ឈប់ប្រើប្រាស់ទាំងនោះ បញ្ជូនមករក្សាទុកនៅទីស្ដីការក្រសួងមហាផ្ទៃ៕