(ភ្នំពេញ)៖ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសបន្តផ្តល់អាហាររូបករណ៍ដល់រាជរដ្ឋាភិបាលកម្ពុជា លើផ្នែកសំខាន់ៗ គឺបច្ចេកទេស និងវិទ្យាសាស្ត្រ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កាប្រកាសផ្តល់អាហាររូបករណ៍នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស អនុញ្ញាតឱ្យ លោកស្រី ម៉ារៀ អាម៉េលីតា ស៉ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ចូលសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃជំនួបនោះ លោក កុយ គួង បានឲ្យដឹងថា ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានផ្តល់អាហាររូបករណ៍ដល់កម្ពុជាជាច្រើន។ កន្លងមកក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីហ្វីលីពីនមកកម្ពុជា កាលពីឆ្នាំ២០១៦ គឺហ្វីលីពីនបានប្រកាសផ្តល់អាហាររូបករណ៍ដល់កម្ពុជា ៦០កន្លែង ទាំងកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះ៖ «លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ធនធានមនុស្សជារឿងសំខាន់ណាស់។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីន នឹងបន្តផ្តល់អាហាររូបករណ៍មុខជំនាញសំខាន់ៗបន្ថែមទៀត ជាពិសេសទៅលើផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ដែលផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងនេះ»

លោក កុយ គួង បានឲ្យដឹងបន្ថែមថា អាហារូបករណ៍ទាំង ៦០កន្លែងនោះ បានផ្តល់ឲ្យកម្ពុជាតាំងពីក្នុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជា នៅខែធ្នូ ឆ្នាំ២០១៦។ បច្ចុប្បន្ន មាននិស្សិតកម្ពុជាចំនួន ៣៧នាក់ កំពុងសិក្សានៅហ្វីលីពីន៕