(បន្ទាយមានជ័យ)៖ នគរបាលស្រុកម៉ាឡៃ ចាប់មុខសញ្ញាចែកចាយគ្រឿងញៀន នៅតំបន់ជាយដែន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានម្នាក់ និងដកហូតបានភស្តុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនអាយស៍៨កញ្ចប់តូច និងថ្នាំញៀនយ៉ាមា១០គ្រាប់។

លោក ចាប សុផាឬទ្ធិ ស្នងការងខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ក្រោយពីកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការស្រុក រហូតឈានមកដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតបានភស្តុតាង​គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន អាយស៍​ (ម៉ាទឹកក) ៨កូនថងតូច និងថ្នាំញៀន យ៉ាមា១០គ្រាប់ ទូរស័ព្ទដៃ១គ្រឿង កាំភ្លើងកែច្នៃ១ដើម។

លោកបន្តថា ជនសង្ស័យឈ្មោះ កែវ ប៊ុត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំ-ស្រុកម៉ាឡៃ។ បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងរៀបចំ សំណុំជនសង្ស័យ និងភស្តុតាងគ្រឿងញៀន បញ្ជូនទៅកាន់សាលា​ដំបូងចាត់ការតាមច្បាប់៕