(ភ្នំពេញ)៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា «IYF» បានប្រារព្ធកម្មវិធី Online Korean Camp សម្រាប់លើកកម្ពស់ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងជុំវិញពិភពលោក។ នេះគឺជាការតម្រង់ទិសដៅថ្មី ដើម្បីផ្តោះប្តូរវប្បធម៌ប្រទេសកូរ៉េ នៅក្នុងស្ថានភាពកូវីដ១៩ ដែលបានកើតឡើងនៅខែមីនា ឆ្នាំ២០២០។ យុវជនកម្ពុជា ប្រមាណ៣០០នាក់ មកពីទូទាំងប្រទេស បានចូលរួមកម្មវិធីដោយជួបជុំគ្នា តាមប្រព័ន្ធអនឡាញ ផ្តោះប្តូរវប្បធម៌កូរ៉េ ជាមួយជនជាតិកូរ៉េ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី មានសារថ្លែងអបអរសាទរពីលោក លី ណាវុឌ្ឍ ដែលជាអគ្គនាយករងនៃ BELTEI Group និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានថ្លែងថា «ទោះបីជាពិភពលោកកំពុងជួបប្រទះស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយក៏សិស្សនិស្សិតខ្មែរ និងកូរ៉េ នៅតែអាចជួបពិភាក្សា សំណះសំណាល បង្កើនមិត្តភាពជាមួយគ្នានៅក្នុងកម្មវិធី Korean Camp។ ខ្ញុំសង្ឃឹមថាកម្មវិធី Korean Camp នេះ នឹងធ្វើឲ្យអ្នកទាំងអស់គ្នា ទទួលបាននូវចំណេះដឹង បទពិសោធន៍ ក៏ដូចជាគំនិតថ្មីៗ និងបង្កើតអនុស្សាវរីយ៍ជាច្រើន ជាមួយគ្នាផងដែរ»

នៅក្នុងកម្មវិធី Korean Camp នេះមានកម្មវិធីដូចជា៖ K-Tour (ដំណើរកំសាន្តនៅប្រទេសកូរ៉េតាមអនឡាញ), ថ្នាក់រៀនភាសាកូរ៉េ, K-Pop Dance Academy (ការបង្រៀនរាំ K-pop), K-Talkshow ជាកិច្ចសម្ភាសន៍ជាមួយបុគ្គលជោគជ័យ និង Talking with Korean (ការសន្ទនាផ្ទាល់ជាមួយជនជាតិកូរ៉េ)។

លើសពីនេះទៅទៀត កម្មវិធី Talking with Korean មិនមែនជាការអប់រំ បែបផ្តល់តែចំណេះវិជ្ជានោះទេ គឺជាពេលវេលាសម្រាប់ទំនាក់ទំនង ដើម្បីយុវជនបានក្លាយ ជាអ្នកដឹកនាំក្នុងសម័យទំនាក់ទំនងអន្តរជាតិនេះ តាមរយៈការផ្តោះប្តូរ ជាមួយយុវជនគ្រប់វ័យនៅប្រទេសកម្ពុជា។

លោក ម៉ាត់ ណារ៉ា បាននិយាយថា «ពិភពលោកទាំងអស់ កំពុងស្ថិតក្នុងស្ថានភាព Covid-19 ប៉ុន្តែយើងនៅអាចជួបមនុស្សថ្មីៗជាច្រើន និងរៀនអ្វីថ្មីៗបាន។ ស្តាប់គ្រូបង្រៀនក្នុងកម្មវិធី K-Talkshow រៀនរាំ ហើយនិយាយជាមួយគ្រូជនជាតិកូរ៉េ និងចែករំលែកគ្នាទៅវិញទៅមក។ ខ្ញុំពិតជាថ្លែងអំណរគុណចំពោះអង្គការ IYF ដែលបានបង្កើតព្រឹត្តិការណ៍នេះណាស់។ លោកបានបង្ហាញចិត្ត ដែលអរគុណក្នុងការចូលរួមកម្មវិធីនេះ»

ទន្ទឹមនឹងនេះ អង្គការ IYF បានជ្រើសរើសអ្នកស្ម័គ្រចិត្តបកប្រែភាសាកូរ៉េ និងអង់គ្លេស ដើម្បីសម្របសម្រួលក្នុងកម្មវិធី Korean Camp។ នៅក្នុងកម្មវិធីមានអ្នកស្ម័គ្រចិត្ត ជនជាតិប្រទេសកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាជាច្រើននាក់។ លើសពីនេះទៀត អ្នកស្ម័គ្រចិត្តសរុបចំនួន១៦៥នាក់បានស្ម័គ្រចិត្តក្នុងផ្នែករចនា ផ្នែកផ្សព្វផ្សាយតាម Social Media(SNS) និងក្រុមសារព័ត៌មានបានចូលរួមបំពេញការងារជាមួយជនជាតិកូរ៉េ រយៈពេល២សប្តាហ៍មុនកម្មវិធី Korean Camp។

កញ្ញា សូម៉ារីតា ជាអ្នកស្ម័គ្រចិត្តនៅផ្នែកផ្សព្វផ្សាយក្នុងកម្មវិធី បាននិយាយថា «ពួកយើងបានបំពេញការងារជាមួយជនជាតិកូរ៉េ ពេលពួកយើងជួបប្រទះនឹងបញ្ហាលំបាក ពួកគាត់បានបង្រៀនយើងពីរបៀបដោះស្រាយ។ តាមរយៈការងារស្ម័គ្រចិត្តនេះ ខ្ញុំមានអារម្មណ៍ថា មិនមែនទទួលត្រឹមតែវប្បធម៌កូរ៉េនោះទេ គឺពួកយើងបានទទួលស្មារតីនៃអ្នកជោគជ័យផងដែរ»

និស្សិត ម៉ី ម៉ូនីកា ជាយុវជនស្ម័គ្រចិត្តផ្នែកសារព័ត៌មានបានលើកឡើងថា «ធ្វើការងារស្ម័គ្រចិត្តផង ហើយរៀននៅសាលាផង ធ្វើឲ្យខ្ញុំពិបាកបែងចែកពេលវេលា ប៉ុន្តែខ្ញុំមិនមានការសោកស្តាយទេ។ សកម្មភាពនេះ បានអប់រំ និងអភិវឌ្ឍន៍គំនិតរបស់ខ្ញុំ»។

អ្នកគ្រប់គ្រងរៀបចំកម្មវិធីនេះ បានប្រកាសជាផ្លូវការថា «កម្មវិធី Korean Camp នឹងរៀបចំឡើងជារៀងរាល់ខែ ហើយសង្ឃឹមថា អ្នកស្ម័គ្រចិត្តមិនមែនផ្តោតទៅលើតែ «ការងារ» នោះទេ គឺយកចិត្តទុកដាក់លើទំនាក់ទំនង និងការចេះរួបរួមជាមួយគ្នា។ អង្គការ IYF នៅប្រទេសកម្ពុជា នឹងរៀបចំកម្មវិធី Korean Camp តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃសៅរ៍ទី២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ៕