(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំគណៈស្នងការ ចុះទៅប្រគល់រថយន្ត Ford Pick up ចំនួនពីរគ្រឿង ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនអធិការដ្ឋាននគេបាលស្រុកកំពង់សិលា និងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់លោក គួច ចំរើន អភិបាលរដ្ឋបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ ចំនួន១០លានរៀល យកទៅចែកជូនកងកម្លាំងគ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុង-ស្រុកទាំងអស់ផងដែរ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានចែកជូនស្បៀងអារហារ គ្រឿងឧបភោគ បរិភោគ និងម៉ាស់ចែកជូនអធិការដ្ឋាននគរបាលទាំង៥ក្រុង-ស្រុក និង២៩ប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ ដោយអធិការដ្ឋាននីមួយៗ ទទួលបានអង្ករ៣បាវ, មីថៃ២កេសធំ, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ី៥យួរ, ភេសជ្ជៈ២កេស, ទឹកសុទ្ធ៥កេស និងម៉ាស់៥ប្រអប់។ ដោយឡែកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទទួលបានអង្ករ៥បាវ, មីថៃ៣កេសធំ, ទឹកត្រី១០យួរ, ទឹកស៉ីអ៉ីវ១០យួរ, ភេសជ្ជៈ៤កេស, ទឹកសុទ្ធ១០កេស និងម៉ាស់៨ប្រអប់។

ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាល២៥ប៉ុស្ដិ៍ ក្នុងមួយប៉ុស្តិ៍ទទួលបាន ថវិកាចំនួន៣៣ម៉ឺនរៀល, អង្ករ១បាវ, មីថៃ១កេសធំ, ទឹកត្រី២យួរ, ទឹកស៉ីអ៉ីវ២យួរ, ភេសជ្ជៈ១កេស, ទឹកសុទ្ធ២កេស និងម៉ាស់២ប្រអប់។ ដោយឡែក ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៤ ដែលជាប់ព្រុំប្រទល់ មានដូចជា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អូរជ្រៅ ទួលទទឹង សាមគ្គី និងទឹកថ្លា ក្នុងមួយប៉ុស្តិ៍ ទទួលបានថវិកា ៤៣៧,៥០០រៀល, អង្ករ២បាវ, មីថៃ១កេសធំ, ទឹកត្រី៣យួរ, ទឹកស៉ីអ៉ីវ៣យួរ, ភេសជ្ជៈ១កេស, ទឹកសុទ្ធ៣កេស និងម៉ាស់២ប្រអប់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំឲ្យកងកម្លាំងទាំងអស់ប្រុងប្រយ័ត្នតាមដានដាក់វិធានការណ៍ឲ្យបានខ្ពស់ ពាក់ព័ន្ធនឹងអ្នកចំណាកស្រុក ជនលួចឆ្លងដែនខុសច្បាប់ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ដើម្បីបង្ការជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បីការពារ (ពាក់ម៉ាស់, លាងដៃ, រក្សាគម្លាត) និងបីកុំ (កុំទៅកន្លែងមនុស្សកុះករ (ប្រជ្រៀត), កុំនៅកន្លែងបិទជិត (បន្ទប់) និងផ្អាកការចាប់ដៃ)៕