(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ បទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន។ សេចក្ដីរាយការណ៍នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាក់ថា បុគ្គលឈ្មោះ វ៉ាន អុល ត្រូវតុលាការឃុំខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ។

គួរជម្រាបថា បុគ្គលនេះត្រូវបាននគរបាលចាប់ខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅលើផ្លូវលំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ បុគ្គលនេះបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ និងខែកុម្ភៈ ខែមីនា ឆ្នាំ២០២០។

ជនត្រូវចោទមានឈ្មោះ វ៉ាន អុល ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៧០ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ចេញដោយលោក សេង រិទ្ធី ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាត់ការតាមនីតិវិធី។

គួរជម្រាបថា ក្រៅពីអ្វីដែលតុលាការចោទប្រកាន់នេះ បុគ្គលឈ្មោះ វ៉ាន អុល ក៏កំពុងតែរងនូវការចោទប្រកាន់ផ្សេងទៀតពីប្រជាពលរដ្ឋនៅខេត្តកណ្ដាលផងដែរ ដោយពួកគាត់អះអាងថា បុគ្គល វ៉ាន អុល ក្រោមការបញ្ជាពីមេរបស់ខ្លួន បានទិញដីរបស់ពួកគាត់ហើយប្រគល់លុយមិនបានគ្រប់តាមចំនួនកំណត់នោះទេ។

ពួកគាត់ក៏ទាមទារឲ្យមានដំណោះស្រាយណាមួយសមស្របជាមួយគាត់ផងដែរ បើមិនដូច្នេះទេពួកគាត់នឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ និងរហូតអាចមានការតវ៉ាទៀតផង៕