(កោះកុង)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកោះកុង និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព។

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងបើកការដ្ឋានសាងសង់ទីលានផ្នូរយុទ្ធជន មានការចូលរួមពីសំណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការជាតិ និងជាប្រធានគណៈកម្មការសាងសង់, នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ថ្នាក់ដឹកក្រសួងការពារជាតិ, រដ្ឋបាលខេត្តកោះកុង និងមេបញ្ជាការមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងខេត្ត អាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ គ្រប់ស្ថាប័នអង្គភាពខេត្ត ជាសមាជិកផងដែរ។

ការរៀបចំបើកការដ្ឋានសាងសង់ទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរំឮកនូវគុណនូប្បការៈ ការបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនកម្ពុជា ដើម្បបុព្វហេតុជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។

សពអតីតកម្មាភិបាល យុទ្ធជន ដែលបានយកមកបញ្ចុះនៅទីលានផ្នូរយុទ្ធជន នៅក្នុងភូមិលេខ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទាំង ៤៤៧សពនេះ ជាយុទ្ធជនមកពីបណ្តា ១៨រាជធានី-ខេត្ត។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានឱ្យដឹថា ការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន គឺមានទំហ៊ុដីជាង ៩,៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទីលានផ្នូរសពនេះ មានរៀបចំជាស្តូបតម្កល់កោដ្ឋ, ផ្នូរសម្រាប់សពយុទ្ធជននីមួយៗ, រោងបុណ្យ, កន្លែងចារឈ្មោះសប្បុរសជន និងកន្លែងចតរថយន្តជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។

នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់ថា «ក្នុងសម័យសង្រ្គាមនាយទាហាន ពលទាហានបានលះបង់អាយុជីវិតច្រើនណាស់ ដើម្បីការពារប្រទេសជាតិឱ្យបានគង់វង្ស ដូច្នេះ ដើម្បីតបស្នងសងគុណ និងគោរពនូវវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនដ៏អង់អាចក្លាហាន ដែលហ៊ានលះបង់អាយុជីវិត»

នាយឧត្តមសេនីយ៍ បានបន្តថា អនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តន៍ក្រោមការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបរនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងស្ថាបនាតំបន់មួយនេះឱ្យសាកសម និងប្រែក្លាយជាតំបន់ដឹកគុណនូប្បការៈ អតីតសពយុទ្ធជន។

នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ទីលានផ្នូរសពអតីតយុទ្ធ គឺត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ។ បន្ថែមពីលេីនេះ ក្រុមការងារជំនាញសិក្សា និងកែលម្អបន្ថែមទៀតនូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨៕