(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសតាមរយៈសារសំឡេងមួយ ដោយសម្រេចផ្អាកការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ពិធីបិទសន្និបាតសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃនេះ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពេលនេះត្រូវបានផ្អាកវិញ ដោយសារការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អគ្គភាពក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ការពារកុំឲ្យមានការរីករាលជំងឺកូវីដ១៩៕