(ភ្នំពេញ)៖ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងវិទ្យាស្ថានស្លឹករឹត ថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់គណៈប្រតិភូមកធ្វើទស្សនកិច្ចនៅ «បណ្ណាល័យសម្ដេចម៉ែ» កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

ក្នុងសារលិខិតរបស់ខ្លួន លោក ឆាំង យុ បានសរសេរថា៖ «ខ្ញុំបាទ សូមសម្ដែងនូវការដឹងគុណជាអនេកដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះចំណាប់អារម្មណ៍ជាបន្តបន្ទាប់ លើការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងការគាំទ្រដ៏វិសេសវិសាល ចំពោះជនរងគ្រោះនៃរបបខ្មែរក្រហម ទាំងទៅលើការចងចាំអំពីបុគ្គលស្លូតត្រង់ដែលបានបាត់បង់ជីវិត និងការយកចិត្តទុកដាក់ ចំពោះអ្នកដែលបន្តរស់រានមានជីវិត ពី អំពើឃោរឃៅរបស់ខ្មែរក្រហម»។

លោកបានបន្តថា ប្រវត្តិសាស្ត្របានបង្ហាញដល់យើងថា ជនរងគ្រោះនៃការសម្លាប់រង្គាលទ្រង់ទ្រាយធំ និងអំពើប្រល័យពូជសាសន៍ដែលជារឿងអសោច ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺភាគច្រើនជាស្ត្រីនិងកុមារ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការថែរក្សាអ្នកទាំងនោះ ចេញពី ឥទ្ធិពលនៃជំពូកប្រវត្តិសាស្ត្រមនុស្សជាតិដ៏សោកសង្រេងខាងលើ។

«ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះកាយវិការដ៏សប្បុរសក្នុងការបរិច្ចាគដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នូវ ទឹកប្រាក់ចំនួន១ពាន់ដុល្លារ»។ នេះបើតាម លោក ឆាំង យុ។

លោកក៏បានថ្លែងអរគុណផងដែរ ចំពោះការគាំទ្ររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់កិច្ចខិតខំប្រឹងប្រែងលោក ក្នុងការកសាង វិទ្យាស្ថានស្លឹករឹត ដើម្បីជួយដល់ការថែរក្សារការចងចាំអំពីប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិតនិងទទួល រងទុក្ខបុកម្នេញដោយអំពើឃោរឃៅបង្កឡើងក្នុងរបបខ្មែរក្រហម៕