(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

ក្រសួងអប់រំបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក»

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប
និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖