(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយអំពីការប្រើប្រាស់បច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩» កាលពីម្សិលមិញ, នៅថ្ងៃនេះមន្ត្រីជំនាញក្រសួងបានបែងចែកគ្នាជា១៤ក្រុម ដើម្បីចុះទៅបណ្តុះបណ្តាលនៅសាលាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីបង្គោលនៅមូលដ្ឋាន ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានា នៅរាជធានីភ្នំពេញ។

លទ្ធផលទទួលបាន មានដូចខាងក្រោម៖

១៖ តាមរយៈកិច្ចសហការល្អរវាងមន្ត្រីជំនាញក្រសួង និងរដ្ឋបាលខណ្ឌ អ្នកចូលរួមទាំងអស់យល់ដឹងពីរបៀបនៃការស្កេន QR Code និងការបង្កើត QR Code
២៖ ក្រសួងក៏បានបទបង្ហាញពីលទ្ធផលនៃការស្កេន QR Code នូវសញ្ញាទាំងបី (ធម្មតា គួរឱ្យសង្ស័យ និងហានិភ័យ) ដើម្បីបានដឹងពីស្ថានភាពជាក់ស្តែងរបស់អ្នកស្កេន ស្របតាមការកំណត់របស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ដូចមានភ្ជាប់ជូន។
៣៖ រដ្ឋបាលខណ្ឌទាំង១៤ បាននឹងកំពុងផ្សព្វផ្សាយបន្តដល់អាជីវករ និងគ្រឹះស្ថាននានានៅមូលដ្ឋានដើម្បីបង្កើត និងដាក់ឱ្យប្រើប្រាស់ QR Code នេះ។

គិតត្រឹមរសៀលនេះ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ជាដើម ចំនួន ១៨,៣៤១ ទីតាំងបានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។

ជាថ្មីម្ដងទៀត ក្រសួងបានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម និងគ្រឹះស្ថាននានាដែលមិនទាន់បានប្រើប្រាស់ QR Code «ទប់ស្កាត់កូវីដ-១៩» នេះ សូមមេត្តារួសរាន់បង្កើត QR Code ដើម្បីបិទនៅទីតាំងរបស់ខ្លួន ព្រមទាំងជំរុញឱ្យអ្នកចូល-ចេញទាំងអស់ ស្កេន QR Code នេះ។ ក្រសួងក៏សូមអំពាវនាវដល់សាធារណជន ទាំងអស់ចូលរួមសហការ ស្កេន QR Code នេះ នៅតាមទីតាំងដែល មានដាក់ QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid» តាមរយៈ គេហទំព័រ stopcovid.gov.kh ដោយចុចលើពាក្យÒចាប់ផ្តើមស្កេនÓ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩» សូមទាក់ទងទៅកាន់ មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ លេខទូរសព្ទ 123 (ហៅចូលដោយឥត គិតថ្លៃ) ឬ 099 888 516 | 012 979 079 ឬគេហទំព័រ www.mptc.gov.kh និងទំព័រហ្វេសប៊ុក «ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - Ministry of Post and Telecommunications» ៕