(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សសយក និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីកែលម្អសោភ័ណភាពឲ្យមានភាពស្រស់ស្អាត និងទាក់ទាញ។

ក្រោយពិនិត្យ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរដែនដី ធ្វើការសាងសង់ស្ពានឆ្លងអូរ ដាំកូនឈើ និងរៀបចំទីតាំងបរិវេណជុំវិញឲ្យបានស្អាត ឲ្យក្លាយទៅជារមណីយដ្ឋានគំរូប្រចាំខេត្ត តាមផែនការរបស់រដ្ឋបាលខេត្ត ដើម្បីទាក់ទាញស្រូបយកភ្ញៀវទេសចរ មកកម្សាន្តតំបន់ធម្មជាតិទឹកធ្លាក់ខួបប្រាំងខួបវស្សានេះ។

សូមជម្រាបថា រមណីយដ្ឋានទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត។

ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។

ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយល្បឿនទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់រួមគ្នារៀបចំតំបន់អភិវឌ្ឍទឹកធ្លាក់ និងល្អាងថ្មហោង ឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាលជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ មកសម្រាកលំហែកាយនៅទីនេះ៕