(កោះកុង)៖ ក្រសួងការពារជាតិ និងរដ្ឋបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំពិធីសូត្រមន្តក្រុងពាលី ដេីម្បីរៀបចំពិអីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន និងរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន៤៤៧សព។

ពិធីនេះសូត្រមន្តក្រុងពាលីនារសៀលនេះធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ យន្ត មីន និងនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អាជ្ញាធរខេត្ត និងមេបញ្ជាការមេបញ្ជារងតំបន់ប្រតិបត្តិការសិករងខេត្ត អាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ គ្រប់ស្ថាប័នអង្គភាពខេត្ត ជាសមាជិកផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងភរិយា នឹងអញ្ជេីញបេីកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ទីលានផ្នូរយុទ្ធជនទាំងនេះ ព្រមទាំងប្រគល់ជូនបណ្ណថ្លែងអំណរគុណដល់សប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមឧបត្ថម្ភដល់ការសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន។

ពិធីឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន៤៤៧ ធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានឱ្យដឹថា ការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន គឺមានទំហ៊ុដីជាង ៩,៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមនាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។

នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់ថា «ក្នុងសម័យសង្រ្គាមនាយទាហាន ពលទាហានបានលះបង់អាយុជីវិតច្រើនណាស់ ដើម្បីការពារប្រទេសជាតិឱ្យបានគង់វង្ស ដូច្នេះដើម្បីតបស្នងសងគុណ និងគោរពនូវវិញ្ញាណក្ខ័ន្ធដល់យុទ្ធជនដ៏អង់អាចក្លាហាន ដែលហ៊ានលះបង់អាយុជីវិត»

លោកបន្តថា អនុវត្តន៍នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តន៍ក្រោមការចង្អុលបង្ហាញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបរនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងស្ថាបនាតំបន់មួយនេះឱ្យសាកសម និងប្រែក្លាយជាតំបន់ដឹកគុណនូប្បការៈ អតីតសពយុទ្ធជន។

នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ទីលានផ្នូរសពអតីតយុទ្ធ គឺត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ។ បន្ថែមពីលេីនេះ ក្រុមការងារជំនាញសិក្សា និងកែលម្អបន្ថែមទៀតនូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨៕