(​វ៉ាស៊ីនតោន​)៖ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានឲ្យដឹងថា នឹង​បញ្ជូន​សេចក្តីព្រាង​ការសម្រេច ដើម្បី​ពង្រីក​ការដាក់ទណ្ឌកម្ម ប្រឆាំង​នឹង​កូរ៉េខាងជើង ស្តី​ពី​ការសាកល្បង​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន ទៅកាន់​ក្រុម​ព្រឹក្សា​អង្គការសហប្រជាជាតិ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ​។​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ (UN) លោកស្រី Samantha Power មាន​គោលបំណង​ក្នុង​ការបញ្ជូន​សេចក្តីព្រាង​ការសម្រេច​ដាក់ទណ្ឌកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង «​ការសាកល្បង​អាវុធ​នុយក្លេអ៊ែ និង​ការបាញ់​បង្ហោះ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ កាលពី​ពេល​ថ្មីៗ​នេះ របស់​កូរ៉េ​ខាងជើង​»​។​

​សេចក្តីព្រាង​នៃ​ការសម្រេច ត្រូវបាន​គេ​រំពឹងថា នឹង​ស្នើ​ឲ្យមាន​ការចុះបញ្ជីខ្មៅ នៃ​ក្រុម​បុគ្គល និង​បណ្តា​អង្គភាព ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព គំរាមកំហែង​ដល់​ពិភពលោក របស់​កូរ៉េ​ខាងជើង​នេះ​៕​