(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង អនុប្រធាន និងលោកស្រី អញ្ជើញជាអធិបតីភាព ប្រារព្ធទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ ២០២១ ក្នុងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារកក្នុងអំឡុងពេលការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩» នៅមន្ទីរពេទ្យបង្អែកនរោត្តមសីហនុ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការអានសារលិខិតដ៏មានអត្ថន័យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនមាតាដែលចូលរួមនាឱកានោះ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរឲ្យមាតា និងទារកទាំងអស់ត្រូវ៖

*ពិនិត្យមើលផ្ទៃពោះយ៉ាងតិច៤ដង មុនសម្រាល ក្រោយឆ្លងទន្លេ
*ត្រូវបំបៅកូនដោយទឹកដោះយ៉ាងតិចណាស់ ៦ខែ ដែលក្នុងទឹកដោះម្តាយសំបូរដោយជីវជាតិ មានអង់ទីគ័រការពារជំងឺខ្ពស់ប្រឆាំងការពារជំងឺផ្សេងៗ
*ត្រូវនាំកូនតូចៗចាក់វ៉ាក់សាំង១១មុខ បង្ការជំងឺផ្សេងៗ

លោមបណ្ឌិតបន្ថែមថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខិតខំប្រឹងប្រែងណាស់ ក្នុងការលើកកម្ពស់សុខភាពស្ត្រីក្នុងប្រទេសខ្មែរ ពិសេសមាតានិងទារក ដោយម្តាយដែលមានកូនអាយុ ២ឆ្នាំចុះ ទទួលប្រាក់ឧបត្ថម្ភ ពីសម្តេចតេជោ ថវិកាចំនួន៧៦ម៉ឺនរៀល ក៏ដូចជាពីកាកបាទក្រហមកម្ពុជាផងដែរ ដោយឡែកកម្មការិនីទទួលបានសេវាសុខភាពសង្គមដោយឥតគិតថ្លៃ តាមរយៈប័ណ្ណ ប.ស.ស ទាំងនេះជាឆន្ទៈដ៏មុះមុតដែល សម្តេចទាំងទ្វេខិតខំសម្រេចបាន។

ក្នុងបរិបទជំងឺកូវីដ១៩ លោកបណ្ឌិត បានអំពាវនាវដល់បងប្អូនទាំងនៅទីនេះ និងទូទាំងខេត្ត ត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍តាមវិធានការ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៍កាចសាហាវនេះ។

ក្នុងឱកាសនោះ គណៈអធិបតី និងលោក លោកស្រី ជាគណៈកម្មធិការសាខាកាកបាទក្រហមខេត្ត កងកម្លាំង អាជ្ញាធរ និងលោកគ្រូអ្នកគ្រូពេទ្យ អញ្ជើញចែកអំណោយជូនមាតាដែលចូលរួម និងកំពុងសម្រាកនៅមន្ទីរពេទ្យនោះ ចំនួន២០៦នាក់ ក្នុងម្នាក់ទទួលបានកន្សែងពោះគោ១ ក្រមា១ សារ៉ុង១ ខោអាវកូនក្មេង២កំប្លេ សាប៊ូ២ដុំ ម្សៅ១ដប និងថវិកា ២ម៉ឺនរៀល៕