(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អំពាវនាវឲ្យអ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ១៩ ចំនួន២៣កន្លែង និងអ្នកដឹងខ្លួនថាបានប៉ះពាល់ «ព្រឹត្តិការណ៍២០ កុម្ភៈ» ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

 ជាមួយគ្នានេះក្រសួងបានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។

ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនិមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ទីតាំងចំនួន២៣កន្លែង ត្រូវបានបិទបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ចេញចូលទីនោះ។

ទីតាំងទាំងនោះរួមមាន៖ ក្លិប N8 សង្កាត់ទួលស្វាយព្រៃ, Casa By Meridian កោះពេជ្រ, Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣, City Confort សង្កាត់បឹងព្រលឹត, The Bridge សង្កាត់ទន្លេបាសាក់, The Point Service Apartemt សង្កាត់ផ្សារដើមគរ, Mekong Street សង្កាត់ជ្រោយចង្វារ, Pent House Apartment សង្កាត់ទន្លេបាសាក់, Skyline Dumex សង្កាត់មិត្តភាព, Somet Condoninium សង្កាត់វាលវង់, Residence L Olymic សង្កាត់អូឡាំពិច, Prince Plazza Centre សង្កាត់ទន្លេបាសាក់, Celests Skybar សង្កាត់ទន្លេបាសាក់, Diamond Twin កោះពេជ្រ, Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ, ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ, Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់, ហាង The World សង្កាត់បឹងត្របែក, ហាង វ័នមែនសិន សង្កាត់បឹងត្របែក, ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច, Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង, វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងសាលា SIS សង្កាត់ផ្សារដើមគរ។

ក្រសួងបន្តអំពាវនាវយ៉ាងដូច្នេះថា «បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាព ជារៀងរាល់ថ្ងៃ»

ក្រសួងបន្តថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីជួយអន្តរាគមន៍សុខភាព បានទាន់ពេលវេលា៕