(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រីព្រមទាំងប្រតិភូអមដំណើរ អញ្ជើញចុះសាកសួរសុខទុក្ខជាពលរដ្ឋដែលទទួលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះចំនួន ៣ខ្នង កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ វេលាម៉ោង ៧ព្រឹក បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ស្ថិតនៅភូមិក្រសាំងជ្រុំជើង ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាល នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលបានជួបនូវគ្រោះអគ្គីភ័យឆាបឆេះផ្ទះនៅពេលនេះ និងសំដែងនូវការចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់លំនៅដ្ឋានរបស់ពុកម៉ែបងប្អូន ព្រមទាំងបានអំពាវនាវ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះអគ្គីភ័យ អាចកើតមានគ្រប់ពេលវេលា និងងាយឆាបឆេះបំផុតនៅរដូវប្រាំង និងរដូវរំហើយ...ពិសេសភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប។ ម៉្យាងទៀតចំពោះការប្រើប្រាស់ខ្សែភ្លើងសម្រាប់ចម្លងចរន្តអគ្គិសនី ត្រូវប្រើប្រាស់ខ្សែភ្លើងដែលមានស្តង់ដា និងតភ្លើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា ម្ចាស់ផ្ទះដែលភ្លើងឆេះផ្ទះមានឈ្មោះដូចខាងក្រោម៖

១៖ ម្ចាស់ផ្ទះឈ្មោះ មាស ប៉ុល ភេទស្រី អាយុ៦៧ឆ្នាំ ផ្ទះធ្វើអំពីឈើ ទំហំ០៨មx១៦ ដំបូលប្រក់ក្បឿង (ផ្ទះដើមហេតុ)
២៖ ម្ចាស់ផ្ទះឈ្មោះ រៀម ឌន ភេទប្រុស អាយុ៥៣ឆ្នាំ ផ្ទះធ្វើអំពីឈើ ទំហំ០៨មx១២ម ដំបូលប្រក់ក្បឿង
៣៖ ម្ចាស់ផ្ទះឈ្មោះ សុន សំបាន ភេទប្រុស អាយុ៤៨ឆ្នាំផ្ទះធ្វើអំពីឈើលើ ថ្មក្រោម ទំហំ០៦មx១២ម ដំបូលប្រក់ក្បឿង ដោយប្រើប្រាស់ឡានទឹកចំនួន ៤គ្រឿង និងកម្លាំងសរុបចំនួន ៥៥នាក់៕