(កណ្ដាល)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកម្លាំងអធិការនគបាលស្រុកមុខកំពូល បានចុះឃាត់រថយន្តសាំងយ៉ុង ដឹកអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិចំនួន២គ្រឿង តាមផ្លូវជាតិលេខ ៦អា ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ សកម្មភាពបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយឈើត្រូវបានប្រគល់ទៅផ្នែករដ្ឋបាលព្រៃឈើមុខកំពូល។

បើតាមលោក លី សុជាតិ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលថា ដោយមានការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត , កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយនគរបាលស្រុកមុខកំពូលចុះចាប់ឡាន និងឃាត់ខ្លួនជនសង្ស័យមានចំនួន ២ នាក់មានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ ភន សារី ភេទប្រុស ៣១ឆ្នាំ មានទីលំនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២៖ ឈ្មោះ តែសៀវភៅលា ប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

វត្ថុតាងដកហូតរួមមាន៖

១៖ រថយន្តគ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ-8824 ដឹកជញ្ជូនឈើអារចម្រុះ ក្រៅលំដាប់ថ្នាក់ចំនួន ១,៨០០ម៉ែត្រ។
២៖ រថយន្តម៉ាកសាំយ៉ុងពណ៌លឿង ពាក់ផ្លាកលេខកំពង់ធំ 2A-1335 ដឹកជញ្ជូនឈើអារចម្រុះក្រៅលំដាប់ថ្នាក់ ចំនួន ១,៧០៤ ម៉ែត្រ ។
៣៖ សរុបចំនួន៣,៥០៥ (បីម៉ែត្រត្រីគុណប្រាំរយបួន)។

លោកបន្តថា បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួច វត្ថុតាងខាងលើបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅផ្នែករដ្ឋបាលព្រៃឈើមុខកំពូល ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕