(កំពង់ធំ)៖ លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍គណៈកម្មាធិការកណ្តាល ស្តីពីសភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ នៅស្រុកសណ្តាន់ ។

ក្នុងឱកាសនោះដែរ លោក នង វាសនា បានថ្លែងពាំនាំនូវការនឹករលឹក និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិក សមាជិកាគណបក្ស ជនរួមជាតិក្នុងខេត្តកំពង់ធំទាំងអស់។

ក្នុងកិច្ចប្រជុំនោះដែរ លោក នង វាសនា បានផ្តល់អនុសាសន៍ដល់សមាជិកក្រុមការងារ និងសមាជិកគណបក្សស្រុកសណ្តាន់ ព្រមទាំងមន្ត្រីគណបក្សដែលមានតួនាទីជាអ្នកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋចំនួន ៥ចំណុចរួមមាន៖

១៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយលក្ខណៈសាមញ្ញៗ និងដោយរលូន ប្រកបដោយភាពទន់ភ្លន់ ជូនចំពោះប្រជាពលរដ្ឋនៅតាម មូលដ្ឋាន គឺកត្តាដ៏សំខាន់ក្នុងការជួយជ្រោមជ្រែង ដល់សកម្មភាពការងារគណបក្ស ដេម្បីទទួលបានការគាំទ្រពីប្រជាជន

២៖ ការងារកសាងបក្ស និងការពង្រីកសមាជិក អ្នកគាំទ្រគណបក្សក៏គួរចាប់ផ្តើមពីសកម្មភាពតូចៗ នៅក្នុងក្រុមកគ្រួសាររបស់យើងផ្ទាល់ និងក្រុមគ្រួសារ បក្សតូចៗរបស់យើងជាបណ្តើរៗ

៣៖ បន្តរួមគ្នារក្សាអោយបានសុវត្តិភាព នៅក្នុងដំណាក់កាល Covid 19 នេះ ដែលនៅតែអាចអូសបន្លាយ ដោយអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល។

៤៖ ឆ្នាំ២០២១នេះ ក៏ជាខួបទីឆ្នាំនៃការបង្ករបង្កើតតំបន់កសិឧស្សាកម្មកៅស៊ូទំរីង ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ចកៅស៊ូថ្មី ក្រៅពីតំបន់ប្រពៃណីនៅខេត្តកំពង់ចាម ដេម្បីផ្តល់ជាចរន្តសេដ្ឋកិច្ច និងឱកាសការងារដល់បងប្អូន ប្រជាជន នៅក្នុងខេត្តកំពង់ធំ ជាពិសេសបងប្អូនស្រុកសណ្តាន់។ សមិទ្ធផលនេះ បានប្រែមុខមាត់ឃុំទំរីង និងសេដ្ឋកិច្ចរបស់ស្រុកសណ្តាន់ទាំងមូល អោយមានភាពរឹងមុំា និងរស់រវើក មកដល់បច្ចុប្បន្ន និងអនាគត។

៥៖ ក្នុងឱកាសនោះ លោក នង វាសនា បានអំពាវនាវអោយប្រជាពលរដ្ឋ បន្តរក្សាគោលការណ៍ភូមិឃុំ មានសុវត្ថិភាព អនាម័យ និងបន្តរួបរួមគ្នាការពារសន្តិភាព ដែលរកបានដោយលំបាកនេះ អោយបានគង់វង្សស្ថិតស្ថេរិរាប់រយឆ្នាំទៅមុខទៀត៕