(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តសិស្សស្រី ឱ្យបានចូលរៀនខាងផ្នែកវិស្វករ និងផ្នែកសាងសង់ ផ្លូវ ថ្នល់ ស្ពាន ឱ្យបានច្រើន ដែលកន្លងមកការរៀនផ្នែកនេះគឺមានតែសិស្សប្រុសនោះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងធ្វើកា បញ្ចុះតម្លៃឱ្យចំនួន៥០% នៅពេលដែលសិស្សស្រីមកចុះឈ្មោះចូលរៀន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានរៀនចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងសិស្សានុសិស្ស ប្រមាណជាង៥០០នាក់ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះថា «គ្រប់សិស្សស្រីទាំងអស់ឱ្យតែជាស្ត្រី យើងបញ្ចុះតម្លៃឱ្យ៥០% ព្រោះខ្ញុំចង់ជំរុញឱ្យមានវិស្វករខាងស្ត្រីផង កុំឱ្យគឺថាទាល់តែបុរសទើបសាងសង់ផ្លូវ ស្ពានបាន មិនមែនទេ ស្ត្រីក៏កសាងបានដែរ ចឹងដើម្បីលើកទឹកចិត្តឱ្យស្ត្រីខ្មែរយើងក្លាយទៅជាវិស្វករបាន យើងខ្ញុំនឹងបញ្ចុះតម្លៃ ឱ្យចំនួន ៥០ភាគរយគ្រប់ៗគ្នា»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា ដើម្បីកសាងប្រទេសជាតិបាន គឺត្រូវការកសាង ផ្លូវ ទឹក ភ្លើង និងធនធានមនុស្សគឺមានសារៈសំខាន់ណាស់ ដូចនេះដើម្បីឱ្យមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងបានរៀបចំបណ្តុះបណ្តាលធន ធានមនុស្សជំនាន់ក្រោយឱ្យបានច្រើន ដែលមានជំនាញមួយច្បាស់លាស់ ដើម្បីបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ ជៀសវាងការខ្ចីដង្ហើម របស់គេដើម្បីដក គឺវាមិនងាយស្រួលនោះទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា សម្រាប់សិស្សដែលចូលរៀនក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រោយពេលបញ្ចប់ការសិក្សា នឹងមានអាទិភាពក្នុងការប្រលងចូលក្របខណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូន។ កំលុងពេលសិក្សា និស្សិតអាចចុះអនុវត្តជាក់ស្តែងតាមការដ្ឋាននានា ដែលកំពុង សាងសង់ផ្លូវថ្នល់ទូទាំងប្រទេស ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុននានា ហើយក្រោយពីរៀនចប់ក្រៅពីប្រឡងក្របខណ្ឌចូលក្រសួង ក៏មានឱកាសចូលធ្វើការនៅក្រុមហ៊ុនឯងជនផ្សេងៗផងដែរ។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ គាំទ្រ និងអនុញ្ញាតឱ្យវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន ផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតចាប់ពីកម្រិតជំនាញបច្ចេកទេស (វគ្គខ្លីៗ រយៈពេលសិក្សាក្រោម១ឆ្នាំ ឬ១ឆ្នាំកន្លះ) កម្រិតមធ្យមបច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ (បរិញ្ញាបត្រ+១ វិស្វករ) និងបរិញ្ញាបត្រជាន់ខ្ពស់ តាមរយ:លិខិតលេខ ១៩១ អយក.ឧស ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ដើម្បីឆ្លើយតបទៅនឹងគោលដៅក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស បម្រើឱ្យវិស័យសាធារការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងជ្រើសរើសនិស្សិតចំនួន២០០នាក់ កម្រិតបរិញ្ញាបត្រ+១ (វិស្វករ) សិក្សា៥ឆ្នាំ លើជំនាញ៖ ១៖ វិស្វករសំណង់សាធារណការ ឯកទេស៖ (ក) សំណង់ផ្លូវ ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និង (ខ) ប្រព័ន្ធចម្រុះទឹកកខ្វក់ ២៖បរិញ្ញាបត្រដឹកជញ្ជូនផ្លូវគោក (សិក្សា៤ឆ្នាំ) ឯកទេស៖ សេដ្ឋកិច្ច និងការគ្រប់គ្រងដឹក ជញ្ជូនផ្លូវគោក ៣៖ បរិញ្ញាបត្រភស្តុភារកម្ម (សិក្សា៤ឆ្នាំ) ឯកទេស៖ គ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ៤៖ បរិញ្ញាបត្រនាវាចរ (សិក្សា៤ឆ្នាំ)
ឯកទេស៖ បរិបាលនាវា និងម៉ាស៊ីននាវា។

លក្ខខណ្ឌដាក់ពាក្យ៖ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជនអាចផ្តល់សញ្ញាបត្រថតចម្លងនៅពេលក្រោយ។ អាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើម ចំនួន៥០នាក់ រយៈពេល ៤ឆ្នាំ (៥ឆ្នាំ សម្រាប់វិស្វករ) ហើយត្រូវវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ តម្លៃសិក្សា៖ $៦០០ ក្នុង១ឆ្នាំ៕