(កំពង់ធំ)៖ ក្នុងឱកាសចុះសាកសួរសុខទុក្ខស្ត្រី ដែលទើបសម្រាលកូន នៅមណ្ឌលសុខភាពសាលាវិស័យ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព និងរស់នៅតាមបែបគន្លង ដើម្បីការពារជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ដែលតែងតែយកចិត្តទុកដាក់ អំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ជាពិសេសស្ត្រីមានផ្ទៃពោះសូមខិតខំថែរក្សានូវសុខភាព ព្យាយាមបរិភោគអាហារូបត្ថម្ភ ឲ្យបានគ្រប់គ្រាន់ និងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ មិនត្រូវមាន ជំនឿអរូបិយនោះទេ ត្រូវជឿជាក់មកលើគ្រូពេទ្យ។

ម្យ៉ាងវិញទៀត នារីដែលស្ថិតក្នុងវ័យបន្តពូជ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ យ៉ាងហោចណាស់ឲ្យបាន៤ដងមុនសម្រាល និងទៅសម្រាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត បើសង្ស័យថា ខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាមដើម្បីទទួលយកថ្នាំ ពន្យាជីវិតពីគ្រូពេទ្យ និងពិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន និងយកកូនទៅទទួលវ៉ាក់សំាងការពារជំងឺ៨មុខ។

ជាមួយគ្នានេះ លោក សុខ លូ ក៏បានក្រើនរំលឹក និងណែនាំប្រជាពលរដ្ឋ ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។

បន្ថែមពីនេះ លោក សុខ លូ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំមើលថែទាំអ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាពិសេសស្ត្រីដែលមកឆ្លងទន្លេ ទទួលបាននូវសុវត្ថិភាព និងមានសុខភាពល្អទាំងម្ដាយ និងកូន។

នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនជូនទៅដល់ស្ត្រី ដែលទើបសម្រាលកូន និងមកសម្រាកព្យាបាលផងដែរ ដោយក្នុងម្នាក់ទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, និងឃីដ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល៕