(កំពង់ចាម)៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាតនោះ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក សោ សាវឿន ប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ ព្រមទាំងអនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ៣០គ្រួសារ នៅឃុំព្រែកក់ ស្រុកស្ទឹងត្រង់។

ថ្លែងក្នុងឱកាសនោះ លោក សោ សាវឿន បានបញ្ជាក់ថា អំណោយដែលធ្វើការប្រគល់ជូននា ពេលនេះធ្វើការផ្តល់ជូនគ្រួសារក្រីក្រ ដោយមិនមានការបែងចែកបក្សពួក ឬនិន្នាកាលនយោបាយ សាសនានោះទេ ចំពោះអំណោយដែលប្រជាពលរដ្ឋក្រីក្រទាំង៣០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន មី១កេស, អង្ករ១បេ និងថវិកា១០ម៉ឺនរៀល។

ជាមួយគ្នានោះ លោក សោ សាវឿន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយត្រូវពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ លាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឫជេល និងរក្សាគំលាតគ្នា១ម៉ែត្រកន្លះ។

លោក សោ សាវឿន ក៏បានណែនាំដល់ប្រជាពលរដ្ឋ មិនត្រូវជឿលើក្រុមអគតិមួយចំនួន ដែលតែងតែផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដូចនេះប្រជាពលរដ្ឋត្រូវចេះ វិន្និច្ឆ័យឲ្យបានច្បាស់លាស់ មុននឹងជឿលើរឿងណាមួយ។

បន្ថែមពីនេះ លោកបានអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ និងប្រាប់កូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ពីព្រោះប្រសិនបើមានសមាជិកណាម្នាក់ធ្លាក់ខ្លួនចូលទៅនឹងបញ្ហាគ្រឿងញៀន នោះសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ រួមទាំងសុខភាពបុគ្គលផង គឺមានការធ្លាក់ចុះ ហើយប្រសិនបើមានរឿងអ្វី កើតឡើងត្រូវឆាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យបានដឹង៕