(ព្រះវិហារ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារ និងសមាគមន៍និស្សិតបញ្ញាវន្តក្មេងវត្តសាខាខេត្តព្រះវិហារ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤ភូមិ ក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗរូប។

លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការរីកចម្រើនរបស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមមាគ៍ាដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនែកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកថា ជាក់ស្តែងខេត្តព្រះវិហាររបស់យើង កាលពីមុនគឺពិបាកខ្លាំងណាស់ ជាពិសេសផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត តែបច្ចុប្បន្ននេះខេត្តព្រះវិហារមានការរីកចម្រើនជឿនលឿនតាំងពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រយ៉ាល មិនខុសពីខេត្តផ្សេងៗនោះទេ។

ជាមួយគ្នានេះដែរលោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលរកបានដោយលំបាក ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អោយនៅគង់វង្សយូរអង្វែង ដើម្បីអោយប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿន ដើម្បីអនាគត់កូនចៅយើងជំនាន់ក្រោយៗទៀត។ ម៉្យាងវិញទៀតត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសសកម្មវិធីនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាចូលរួមថែរក្សាអនាម័យក្នុងការរស់នៅ អនាម័យក្នុងការៗការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕