(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញវិធានការ៥ចំណុច សម្រាប់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់អនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សេចក្តីណែនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងដោយ អនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលនៃព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»

បើតាមសេចក្តីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវអនុវត្តដូចតទៅ៖

១៖ គ្រប់កងឯកភាព ទីតាំងឈរជើងកងទ័ព និងសាលា ជាពិសេសបណ្ដាអង្គភាពដែលមានទីតាំង នៅរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ រឹតបណ្ដឹងការគ្រប់គ្រង កម្លាំងឱ្យបានល្អ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ ដូចជាការវាស់កម្ដៅនៅគ្រប់ ច្រកចេញ-ចូលអង្គភាព ការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបន្ទាយ រោងបាយ បន្ទប់ប្រជុំ ឬបន្ទប់ធ្វើការ រួមនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការពាការពារ ៣កុំ របស់រាជរដ្ឋាភិបាល។

២៖ យោធិនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក្កឱ្យបានត្រឹមត្រូវបំផុត ក្នុងករណីយោធិនមិនបានធ្វើចត្តាឡីស័ក្កឱ្យបានត្រឹមត្រូវ នឹងត្រូវ អនុវត្តបទវិន័យទូទៅរបស់កងយុទ្ធពលខេមរភូមិន្ទ និងអនុក្រឹត្យស្ដីពីវិធានការចត្តាឡីស័កដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

៣៖ មិនត្រូវរើសអើងចំពោះអ្នកដែលមានការសង្ស័យពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩។

៤៖ គ្រប់កងឯកភាព និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវត្រៀមកម្លាំងទាំងកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ជា។

៥៖ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអ្នក ចំណាកស្រុក អនុវត្តឱ្យបានត្រឹមត្រូវបំផុតចំពោះការធ្វើចត្តាឡីស័ក្ក និងរួមគ្នាពង្រឹងវិធានការការពារជំងឺ កូវីដ-១៩ តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់ក្រសួងសុខាភិបាល៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖