(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពេលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំនូវវិធានការ៤ចំណុច ដល់នាយក-នាយិកា បុគ្គលិក មន្ត្រីរាជការ គ្រូ-សាស្ត្រាចារ្យ សិស្ស-និស្សិត សិក្ខាកាមនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង។

វិធានការទាំង៤ចំណុចនោះ រួមមាន៖

១៖ ត្រូវរឹតបន្តឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ «៣ការពារ = ការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពសង្គម» និងវិធានការ «៣កុំ = កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់ កុំទៅកន្លែងមានមនុស្សច្រើនកុះករដែលមិនដឹងប្រភពច្បាស់លាស់ និងកុំប៉ះពាល់គ្នា-កុំចាប់ដៃគ្នា»។

២៖ ត្រូវតាមដានវត្តមាន និងសាកសួរស្ថានភាពសុខភាពសិស្ស-និស្សិត សិក្ខាកាម និងបុគ្គលិកទាំងឡាយណាដែលអវត្តមាន ឬទើបវិលត្រឡប់ពីបរទេស។

៣៖ ត្រូវបូកសរុប និងរាយការណ៍ជាបន្ទាន់ជូនក្រសួងសុខាភិបាល ក្នុងករណីរកឃើញមានការសង្ស័យពាក់ព័ន្ធដោយផ្ទាល់ក្តី ឬប្រយោលក្តីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

៤៖ ត្រូវអប់រំ ណែនាំ និងលើកទឹកចិត្តឱ្យគ្រប់បុគ្គលទាំងអស់កុំគេចវះពីការធ្វើចត្តាឡីស័ក ដែលនាំឱ្យមានហានិភ័យដល់ខ្លួនឯងផង សុខភាពសាធារណៈផង និងត្រូវរងការពិន័យអន្តរកាលផង៕