(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់ក្រុមយុវជន ត្រូវខិតខំសិក្សាដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឱ្យសក្កិសមជាអ្នកបន្តវេន ខណៈប្រទេសជាតិកំពុងតែមានការអភិវឌ្ឍ។ លោកលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសចូលរួមសំណេះសំណាល ជាមួយមន្ត្រីរាជការ គ្រូបង្រៀន សិក្សានុសិស្ស នៅស្រុកកងមាស។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំធ្វើឲ្យប្រទេសជាតិរបស់យើង មានការរីកចម្រើនឥតឈប់ឈរ ដូច្នេះខណៈពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព នឹងការរីកចម្រើននេះ ក្រុមយុវជនរបស់យើង អាចមានឱកាស ខិតខំសិក្សា ពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យសក្កិសមជាអ្នកបន្តវេន ដូចពាក្យចាស់ពោលថា «ទំពាំងស្នងឬស្សី» នោះ។

លោកអភិបាលខេត្ត បន្តទៀតថា ក្នុងខណៈពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព គឺជាឱកាសពង្រឹងធនធានមនុស្ស ដែលចំណុចនេះ ត្រូវបានរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រជាអទិភាព កំណត់នូវប៉ូល៤គឺផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាប៉ូលអាទិភាព ដែលត្រូវយកចិត្តទុកដាក់ បន្ទាប់មកគឺការកសាងផ្លូវ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការប្រកបមុខរបរដឹកកសិផលផ្សេងៗជាដើម និងប៉ូលបន្តបន្ទាប់មាន ទឹក និងអគ្គិសនី។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ ប៉ូលអាទិភាព១ នៃប៉ូលទាំង៤ គឺការកសាងធនធានមនុស្ស ពោលគឺការរៀបចំបណ្ដុះបណ្ដាល ដើម្បីឲ្យមានយុវជនជាអ្នកបន្តវេន ពីព្រោះប្រទេសជាតិនៅមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត ដូច្នេះត្រូវតែមានការរៀបចំឲ្យមានអ្នកបន្តវេន ដោយមានសមត្ថភាព ពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើន៕