(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ជិះកង់ត្រួតពិនិត្យមើលគុណភាពស្ថានភាព សាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យការងារសាងសង់ជញ្ជាំងបេតុង ការពារច្រាំងព្រែក ត្រង់ចំណុចបង្គោលព្រំដែនលេខ២៤៦ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីទប់ស្កាត់ និងការពារបង្គោលព្រំដែនដែលជាសំណង់ប្រវត្តិសាស្ត្រកុំឲ្យបាក់ចូលក្នុងព្រែក ក៏ដូចជាដើម្បីថែរក្សាការពារពីការប្រែប្រួលបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិផងដែរ ។

សូមបញ្ជាក់ជូនថា៖ ផ្លូវជាតិលេខ២១នេះ មានប្រវែងសរុប ៦៣.៦គីឡូម៉ែត្រ (ពីតាខ្មៅ ដល់ជ្រៃធំ) ត្រូវ បានបើកការដ្ឋានសាងសង់ធ្វើឱ្យប្រសើរឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕