(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ នៅទូទាំងខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍គណៈកម្មាធិការកណ្តាល ស្តីពីសភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងពាំនាំនូវការនឹករលឹក និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនចំពោះសមាជិក សមាជិកាគណបក្ស ជនរួមជាតិក្នុងខេត្តព្រះវិហារទាំងអស់។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគណបក្សបានទទួល នៅក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល និងកម្ពុជា កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយក៏មិនភ្លេចសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ ដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនខេត្តព្រះវិហារទាំងមូល ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការ ពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃមាតុភូមិរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្តាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បញ្ហាគ្រឿងញៀនក្នុងសហគមន៍, ដោះស្រាយបានបញ្ហាគ្រោះទឹកជំនន់ទប់ស្កាត់បានរាល់ការ ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីពួកប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ហើយជំរុញបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមួយ ដែលធននឹងវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ-១៩។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទូទាំង ក្នុងខេត្តព្រះវិហារ ដែលតែងតែផ្ដល់យុតិ្តធម៌ ផ្ដល់ជំនឿ និងផ្ដល់ការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ និងសូមគោរពដឹងគុណ ចំពោះកម្មាភិបាលយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាព ទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា៕