(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាពក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ មានការសាមគ្គីភាពរវាងគ្នា និងគ្នា ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាពយុត្តិធម៌ស្មោះត្រង់ ព្រមទាំងមានភាពម៉ឹងម៉ាត់ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ។

ការជំរុញបែបនេះ របស់លោក សុខ លូ បានធ្វើឡើងក្នុងពិធីបិទការប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ឆ្នាំ២០២០ និងកំណត់ទិសដៅការងារឆ្នាំ២០២១ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ នៅសាលាខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមពីលោក យ៉ុង ហួត អនុប្រធានសម្ព័ន្ធភាពជាតិ, លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ, លោកបណ្ឌិត ព្រុំ វឌ្ឍនា ជាមន្រ្តីជាន់ខ្ពស់ជំនាញផ្នែកតាមដានត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងជាតំណាងលោកនាយកអង្គការ API និង សមាជិក-សមាជិការក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ និងលោក-លោកស្រី ជាអភិបាលស្រុក/ក្រុងជុំវិញខេត្ត សរុបរួមចំនួន ១៥៤រូប។

ថ្លែងក្នុងឱកាសនេះ លោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ។ កិច្ចប្រជុំក្រុមប្រឹក្សាសមាគមឆ្នាំ២០២០ របស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋានខេត្តកំពង់ធំ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខណៈរបសសមាគមដែលនានីតិបុគ្គល តំណាងអោយសម្លេង និងជាអ្នកការពារផលប្រយោជន៍ របស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ក្នុងខេត្តកំពង់ធំ ព្រមទាំងជាអ្នកអភិវឌ្ឍនសម្ថភាព និងបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប្រជាធិតេយ្យនៅមូលដ្ឋាន។

លោក សុខ លូ បានសំណូមពរឱ្យសមាជិកសមាជិការនៃអង្គប្រជុំទាំងអស់ត្រូវតែយកបទពិសោធន៍ ក្នុងកិច្ចប្រជុំនៅថ្ងៃនេះទៅដឹកនាំនៅមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញចិត្តប្រជាពលរដ្ឋឱ្យជឿលើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាននៅក្នុងការបម្រើផលប្រយោជន៍ជូនពលរដ្ឋ។

បើតាមលោក គៀង សេងគី បានធ្វើរបាយការណ៍បូកសរុបស្តីពី គោលបំណងនៃកិច្ចប្រជុំនេះ គឺដំណើរការទៅបានដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ពីឆ្នាំ២០១៩-២០២១ និងថវិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ និងគាំទ្របច្ចេកទេស ពីស្ថាប័នដៃគូ អនុវត្តគម្រោងនេះរួមមាន៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការ អេដ អាក់ ស្យុង (AeA)។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមានទី១៖ បង្ហាញ និងអនុម័តរបាយការណ៍វឌ្ឍនភាពនៃសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០ របស់សមាគម, ទី២៖ បង្ហាញ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់សមាគម, ទី៣៖ បង្ហាញ ពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់សមាគម, ទី៤៖ បង្ហាញ និងអនុម័តការកែសម្រួលផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់សមាគម និងទី៥៖ បង្ហាញអំពីភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) អំពិការងារគ្រប់គ្រងរបស់សមាគមក្នុងឆ្នាំ២០២០៕