(ភ្នំពេញ)៖ ក្រោយផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាថ្មី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវកុំឲ្យមាន ការរើសអើងចំពោះជនជាតិចិន ទោះបីជាករណីឆ្លងកូវីដ ក្នុងសហគមន៍លើកនេះ កើតឡើងលើជនជាតិចិន នៅកម្ពុជាក៏ដោយ។

ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសទៅកាន់ ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោហៅថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញ ឆ្លងសហគមន៍រហូតដល់៣២ករណី នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

សម្ដេតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែបានកើតឡើង (កូវីដ-១៩) ទៅលើជនជាតិចិន សូមកុំឲ្យមានការរើសអើង ទៅលើជនជាតិចិន ដូចកាលពីដើមឆ្នាំ២០២០ ដែលពេលនោះ មានការរើសអើង នៅក្នុងប្រទេសខ្លះ រើសអើងជាមួយជនជាតិចិន»

សម្ដេតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា មានការកើតកូវីដ-១៩ លើគ្រប់ជាតិសាសន៍ ជនជាតិណា ក៏មានកើតកូវីដ-១៩នេះដែរ ដូច្នេះសូមកុំឲ្យមាន ការប្រកាន់រើសអើង ជាពិសេសការរើសអើង លើជនជាតិចិន ដែលទើបឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់តាមបណ្តាខេត្តទាំងអស់ សូមកុំឲ្យមានរើសអើង ចំពោះប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ ខណៈមានការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ជាថ្មី។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លង ក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់ នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការ។

សូមបញ្ជាក់ថា ក្រោយផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអគារស្នាក់នៅ ក្លឹបកម្សាន្ដ និងតំបន់ចាំបាច់មួយចំនួន ជាបន្ទាន់ ដើម្បីស្រាវជ្រាវ រកអ្នកប៉ះពាល់ និងពាក់ព័ន្ធ ដើម្បីយកសំណាកធ្វើតេស្ដ និងតម្រូវឲ្យធ្វើចត្ដាឡីស័ក រយៈពេល១៤ថ្ងៃ៕