(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិសយគណប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានជំរុញឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្ម របស់មន្រ្តីគណបក្សដោយភាពម៉ឺងម៉ាត់តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងការបិទកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍របស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់ក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ក្នុងខេត្តត្បូងឃ្មុំ។

សម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមក។

សម្តេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃ អំពីសភាពការណ៍ទូទៅ និងការងាររបស់គណបក្សនៅឆ្នាំ២០២០កន្លងមក និងកំណត់ទិសដៅភារកិច្ចឆ្នាំ២០២១។ ប៉ុន្តែអាស្រ័យដោយការរាតត្បាត នៃជំងឺកូវីដ-១៩ ទើបគណបក្សមិនអាចរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣នេះបាន។

ដូច្នេះគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ត្រូវរៀបចំរបាយការណ៍បូកសរុបខាងលើ សម្រាប់ជាត្រីវិស័យជូនដល់គណៈកម្មាធិការ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្រ្តីសមាជិក សមាជិកាគណបក្សទាំងអស់ជ្រួតជ្រាប ដោយមានការឯកភាពគ្នា អំពីការវាយតម្លៃសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តន៍នៅឆ្នាំ២០២១។

សម្តេចប្រធានកិត្តិយសគណបក្ស បានលើកទឹកចិត្តសមាជិកទំាងអស់ បន្តកសាងពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធិភាពការងារ របស់កម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តរាល់ភារកិច្ច នយោបាយដោយប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំម្នាក់ៗ ទទួលខុសត្រូវ មានរបៀបរបបធ្វើការងារច្បាស់លាស់ និងប្រជុំជីវភាពបក្សទៀងទាត់ផ្សាភ្ជាប់ជិតស្និទ្ធជាមួយ សមាជិកគណបក្ស និងមហាជន។

សម្តេច ហេង សំរិន ស្នើឲ្យក្រុមការងារបន្តពង្រឹង ស្ថាប័នជំនួយការរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីធានានិរន្តរភាពការងារ និងជួរមន្រ្តីជំនាញបន្តវេន បន្តជំរុញរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សគ្រប់ថ្នាក់ សំដៅជួយគណបក្សក្នុងការគ្រប់គ្រងសមាជិកបក្ស ជាយុវជនលើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងសំដៅរួមចំណែកធានានូវប្រសិទ្ធភាព នៃការដឹកនាំរបស់គណបក្ស។

បន្ថែមពីនេះ ត្រូវបន្តជំរុញការកសាង ពង្រីកសមាជិកគណបក្សដោយយកចិត្តទុកដាក់ អំពីគុណភាព ស្របតាមសំណូមពរនៃយុទ្ធសាស្រ្តរបស់គណបក្ស គឺ «សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក»៕