(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រគល់ឡាបិលវិធានសុវត្ថិភាពទេសចរណ៍ និងប័ណ្ណសរសើរដល់ការីទេសចរណ៍ក្នុងស្រុក សណ្ឋាគារ និងភោជនីយដ្ឋានសរុបចំនួន ៨ ក្រុមហ៊ុន ដែលបានស្ម័គ្រចិត្តចូលរួមអនុវត្តគម្រោងកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ និងបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍។

ពិធីប្រគល់ឡាបិល និងប័ណ្ណសរសើរខាងលើនេះធ្វើឡើងក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានការចូលរួមពីក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុក សណ្ឋាគារ និងភោជនីយដ្ឋាន ដែលជាអាជីវកម្មស្ម័គ្រចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការអនុវត្តគម្រោងកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ និងបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍។

លោក ណេប សាមុត បានបញ្ជាក់ថា គម្រោងកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យត្រូវបានរៀបចំតាមគោលគំនិត «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» និងយន្តការសម្របសម្រួលឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួលប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យទៅតាមគោលដៅនានាក្នុងប្រទេសកម្ពុជា។

លោកអគ្គនាយកបានបន្តថា ក្រៅពីការជំរុញការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ថ្មីៗ ក្រសួងទេសចរណ៍បានសហការជាមួយការីទេសចរណ៍ក្នុងស្រុក រៀបចំជាកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យប្រកបដោយភាពទាក់ទាញ និងការប្រកួតប្រជែង ដោយធ្វើយ៉ាងណាឱ្យទេសចរអាចទស្សនាបានច្រើនកន្លែង តម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាព។

លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានឱ្យដឹងថា តាមរយៈការអនុវត្តកន្លងមក ទេសចរជាមធ្យម ៤០០-៥០០ នាក់ក្នុងមួយខែ បានធ្វើដំណើរតាមកញ្ចប់ទស្សនកិច្ចនេះ ហើយចំនួននេះអាចឈានដល់ ៧០០-៨០០ នាក់ក្នុងមួយខែ ក្នុងអំឡុងពិធីបុណ្យឈប់សម្រាករយៈពេលយូរ ឬពិធីបុណ្យជាតិនានា។

ដើម្បីជាការលើកទឹកចិត្តដល់អាជីវកម្មដែលចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ក្រសួងទេសចរណ៍បានផ្តល់បណ្ណសរសើរជាលើកទី២ ដល់ក្រុមហ៊ុនចំនួន ៨ រួមមាន៖
* ក្រុមហ៊ុន អាន ឡឺ ត្រាវែល
* ក្រុមហ៊ុន ដាប់ប៊លត្រាវែល អេនធួរ
* ក្រុមហ៊ុន គ្លួប៊ល ហូលីដេត្រាវែល & ធួរ ឯ.ក
* ក្រុមហ៊ុនសូព្រីតា ត្រាវែល & ធួរស៍
* ក្រុមហ៊ុន វី អ ស្មាយស៍ធួរ & ត្រាវែល
* ក្រុមហ៊ុន វើលដ៍ ផបត្រាវែល-ធួរគ្រុប
* សណ្ឋាគារ ប៉ាស៊ីហ្វិកអូតែល
* ភោជនីយដ្ឋាន ទន្លេសាប ខេត្តសៀមរាប។

លោកអគ្គនាយក ណេប សាមុត បានគូសបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍នឹងបន្តអនុវត្តកម្មវិធីចែកប័ណ្ណសរសើរលើកទឹកចិត្ត សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អាជីវកម្មទេសចរណ៍លើការការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការចូលរួមបញ្ចុះតម្លៃសេវាកម្ម ដោយធានាយ៉ាងណាឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ និងតម្លៃសម្យរម្យបំផុត ក្នុងបុព្វហេតុ «រស់ទាំងអស់គ្នា»៕