(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដំរីផុង ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីនេះក៏មានការនិមន្តពីព្រះសង្ឃ និងចូលរួមពីប្រជាពលរដ្ឋប្រមាណ៥០០នាក់។

អភិបាលខេត្ត ជាវ តាយ បានបញ្ជាក់ថា «សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងរយៈពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាពបានឡើយ។ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម យើងមិនអាចដឹកនាំកសាង និងអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ឲ្យរីកចម្រើនដូចបច្ចុប្បន្ននេះទេ។ ការសម្ពោធស្ពានដំរីផុងនាពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋ ដឹកកសិផលទៅកាន់ទីផ្សារ និងសម្រួលការធ្វើដំណើរទៅកាន់សាលារៀន និងមន្ទីរពេទ្យ»។

លោកអភិបាលខេត្តបានបញ្ជាក់ដែរថា ស្ពានដំរីផុង មានប្រវែង៤១ម៉ែត្រ ទទឹង៣ម៉ែត្រ សាងសង់អំពីឈើ ប្រើប្រាស់ថវិកាចំនួន ៦៥លានរៀល អាចប្រើប្រាស់ថ្មើជើងឆ្លងកាត់ទៅមក ម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉ក រថយន្តចាប់ពី១២កៅអីចុះ និងផ្ទុកទំនិញមិនលើសពី ១៥០០គីឡូក្រាម ហើយស្ពាននេះជាហេដ្ឋារចនាសម្ព័ន្ធ យ៉ាងសំខាន់ តភ្ជាប់រវាងឃុំស្ទឹងកែវ ស្រុកទឹកឈូ ទៅកាន់ស្រុកឈូក។

ទន្ទឹមនេះលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានសមាជិកក្រុមគ្រួសារត្រឡប់មកពីធ្វើការនៅក្រៅប្រទេស សូមកុំគេចវេស ត្រូវរាយការណ៍ និងចូលខ្លួនមកធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ រដ្ឋបាលខេត្ត បានត្រៀមកន្លែងស្អាតសមរម្យចាំទទួល ហើយអំឡុងពេលធ្វើចត្តាឡីស័កនោះ ពុំមានការចំណាយអ្វីទាំងអស់ ព្រោះរាជរដ្ឋាភិបាល ផ្តល់ថវិកា ២ម៉ឺនរៀលក្នុងមួយថ្ងៃ៕