(កំពង់ឆ្នាំង)៖ មន្ត្រីយោធាផ្កាយ១ ដែលបានបើករថយន្តបុកកុមារម្នាក់ស្លាប់ និងបុរសម្នាក់របួសធ្ងន់កាលពីជាង ២ខែមុន ហើយបែជាប្ដឹងជនរងគ្រោះទារសំណងជាង ១ម៉ឺនដុល្លារទៅវិញនោះ ឥឡូវនេះត្រូវបានតំណាងអយ្យការ សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចចោទប្រកាន់ពី បទល្មើសបើករថយន្តខ្ជីខ្ជា មិនប្រុងប្រយ័ត្នបុកអ្នកដទៃស្លាប់ និងរងរបួសតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ហើយរត់គេចខ្លួនចេញពីកន្លែងកើតហេតុ មិនទទួលខុសត្រូវ ដែលនឹងត្រូវចាប់ខ្លួនផ្ដន្ទាទោសតាមផ្លូវច្បាប់។

ទាក់ទងនឹងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ស្ត្រីឈ្មោះ ខាន់ ស្រីមុំ អាយុ៣៦ឆ្នាំ ជាម្ដាយកុមារាអាយុ ៣ឆ្នាំម្នាក់ ដែលបានស្លាប់ និងប្តីបានរងរបួសពិការជើងខាងឆ្វេងរស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅប្រមាណម៉ោង ៧យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ៥ទល់មុខផ្លូវចូលសាលានាយទាហានភូមិភាគពិសេស ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយត្រូវបានរថយន្តឡង់គ្រីស័ររបស់លោកយោធាផ្កាយ១ម្នាក់ ឈ្មោះ កង ប៊ុនធឿន បើករថយន្តម៉ាកឡង់គ្រីស័រ មកបុកម៉ូតូចំណែកផ្លូវរបស់ម៉ូតូ បណ្ដាលឱ្យកូនប្រុសអាយុ៣ឆ្នាំ របស់គាត់ម្នាក់ស្លាប់ និងប្ដីរបស់គាត់ រងរបួសបាក់ជើងខាងឆ្វេងក្លាយជាជនពិការ។ គិតមកដល់ពេលនេះមានរយៈពេលជិត ៣ខែហើយ ពួកគាត់ជាជនរងគ្រោះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

ចំណែកបុរសជាប្តីឈ្មោះ វិន សុឡា អាយុ៣៩ឆ្នាំ បាននិយាយឲ្យដឹងថា ក្រោយពេលកើតហេតុ មកដល់ពេលនេះ គាត់បានពិការជើងខាងឆ្វេង ដោយប្រកបមុខរបបជាជួសជុលម៉ូតូមិនកើតឡើយ គឺដើរក៏ពិបាក អង្គុយក៏ពិបាក ធ្វើអីមិនកើត ដែលធ្វើឱ្យជីវភាពនៅក្នុងគ្រួសារជួបនឹងការខ្វះខាតយ៉ាងខ្លាំង។

ទាក់ទងនឹងរឿងខាងលើនេះដែរលោក ឈឿង លីឃាង ជាមេធាវីការពារកក្តីឱ្យជនរងគ្រោះ បានឆ្លើយបញ្ជាក់តាមទូរសព្ទឲ្យនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ ឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ដោយសាររឿងនេះ ជារឿងព្រហ្មទណ្ឌតាមវិជ្ជាជីវៈ លោកមិនធ្វើសេចថ្លែងការណ៍អ្វីច្រើនទេ តែអាចផ្ដល់ព័ត៌មានបានថា រឿងនេះព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងបន្តនីតិវិធីទៅមុខហើយ នៅបានជូនដំណឹងទៅសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរួចហើយ ដើម្បីចំណាត់ការទៅលើមន្ត្រីយោធាជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ។

គួរបញ្ជាក់ថា តាមសេចក្តីសន្និដ្ឋាន នៃរបាយការណ៍ លេខ ៧០ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ របស់នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដែលមានចុះហត្ថលេខាទទួលស្គាល់ របស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងផងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា លោក កង ប៊ុនធឿន (ផ្កាយ១) ជាអ្នកបើកបរ និងជាម្ចាស់រថយន្តម៉ាក Toyota ឡង់គ្រីស័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2M-1186 គឺជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍។

មន្រ្តីយោធារូបនេះ បានបើករថយន្តបត់ឆ្វេងកាត់ទ្រូងផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ដោយមិនគោរពសិទ្ធិអាទិភាព គឺផ្លូវត្រង់មានសិទ្ធិទៅមុនមិនគោរពកាតព្វកិច្ចច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបណ្ដាលឲ្យស្លាប់ និងរបួសអ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបានរត់ចេញពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវសំណងរដ្ឋបវេណី ដល់ជនរងគ្រោះមានចេតនាមិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដោយបង្ហាញអត្តសញ្ញាណអ្នកបើកបរមិនពិតប្រាកដ។

ដូច្នេះយោងតាមរបាយការណ៍ខាងលើនេះតំណាងអយ្យការ លោកពិតជាមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើលោក កង ប៊ុនធឿន ជាជនត្រូវចោទដែលត្រូវតែទទួលទោសតាមបញ្ញត្តិច្បាប់ គឺមិនអាចរួចខ្លួនបានឡើយ៕