(ព្រះវិហារ)៖ ទីតាំងសិប្បកម្មកែឆ្នៃឈើ និងរោងសន្និធិលក់គ្រឿងសង្ហារឹមខុសច្បាប់ធំមួយកន្លែង នៅមុខរង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការបង្រ្កាបពីសមត្ថកិច្ចកាលពីពេលថ្មីៗនេះ ពេលនេះត្រូវបានម្ចាស់ចូលខ្លួន ព្រមទទួលការបង់ពិន័យទៅតាមច្បាប់អន្តរកាល។

លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃឈើ និងរោងសន្និធិលក់គ្រឿងសង្ហារឹម ដោយខុសច្បាប់ នៅមុខរង្វង់មូលស្រអែម ដែលលោកបានដឹកនាំកម្លាំងបង្រ្កាបកន្លងមកថ្មីៗនេះ យល់ព្រមចូលខ្លួនទៅបង់ពិន័យទៅតាមច្បាប់អន្តរកាល។

លោកព្រះរាជអាជ្ញារង បានថ្លែងបញ្ជាក់ទៀតថា ចំពោះថវិកាប៉ុន្មានដែលម្ចាស់ទីតាំងសិប្បកម្មយល់ព្រមបង់តាមច្បាប់អន្តរកាលនោះ មិនទាន់ដឹងចំនួនច្បាស់លាស់នោះទេ ដោយពេលនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកជាំក្សាន្ត និងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត កំពុងធ្វើកិច្ចការនេះជាមួយគ្នា។

លោក វុធ សាវី បានគូសបញ្ជាក់ទៀតថា «ទោះបីម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃឈើ និងរោងសន្និធិលក់គ្រឿងសង្ហារឹមនេះ បានយល់ព្រមបង់ប្រាក់ពិន័យ ទៅតាមច្បាប់អន្តរកាលក៏ដោយ ក៏ម្ចាស់ទីតាំងនេះ មិនអាចបើកទ្វារលក់ដូរ ឬកែឆ្នៃបាននោះទេ បើសិនមិនបានធ្វើច្បាប់អនុញ្ញាតិគ្រប់គ្រាន់នោះ»

ជាមួយគ្នានេះ លោកក៏បានជំរុញឲ្យម្ចាស់ទីតាំងសិក្បកម្មកែឆ្នៃឈើ និងរោងសន្និធិលក់ដូរគ្រឿងសង្ហារឹមនានា នៅទូទាំងខេត្តព្រះវិហារ ត្រូវតែមានច្បាប់អនុញ្ញាតឲ្យបានគ្រប់គ្រាន់ បើពុំនោះទេ និងទទួលរងនៅការបង្រ្កាបជាបន្តបន្ទាប់ ជាក់ជាមិនខាន៕