(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង ស្ថិតនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីប្រតិភូអមដំណើរ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អគ្គនាយក-អគ្គនាយករងគយ និងពន្ធដារ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ប្រធានសាខាគយខេត្ត ប្រធានការិយាល័យគយតាមមាត់ច្រកទ្វារព្រំដែន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីគយជុំវិញខេត្ត។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន និងប្រតិភូ បានអញ្ជើញពិនិត្យអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ដែលបានដាក់សម្ពោធនាថ្ងៃនេះ និងបានកោតសរសើរចំពោះស្នាដៃថ្មី ដែលបានផុសរូបរាងឡើងយ៉ាងប្រណិតតាមស្តង់ដារ ដែលជាការជួយបង្កបរិយាកាសការងារកាន់តែល្អដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អទ្វេរឡើង។

បន្ថែមពីនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះ លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានការិយាល័យគយត្រពាំងផ្លុង និងគ្រប់ច្រកទូទាំងខេត្ត រួមទាំងមន្ត្រីគយទាំងអស់ ដែលខិតខំបំពេញការងារប្រមូលពន្ធគយជូនរដ្ឋ ដែលជាប្រភពចំណួលមួយផ្នែកយ៉ាងធំសម្រាប់រដ្ឋ។ ខណៈការប្រមូលពន្ធ នៃការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៅតែបន្តកើនឡើងជាងឆ្នាំមុន លើសពីផែនការកំណត់ ជាចំណុចដ៏សំខាន់ ដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់ឡើងថា ជាការល្អបំផុត សម្រាប់ការងារប្រមូលពន្ធគយគ្រប់តាមផែនការកំណត់ ហើយបើប្រមូលលើសផែនការកំណត់ នេះជាប្រសិទ្ធភាពនៃការងារ ដែលគួរតែលើកសរសើរ។

ជាមួយគ្នានេះ លោក អួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង បានឲ្យដឹងថា ការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង ស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម (ខេត្តតៃនិញ) ត្រង់បង្គោលលាក់លេខ១១៨ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលការិយាល័យនេះមានផ្ទៃដីសរុប ៨,៤៧១ម៉ែត្រក្រឡា។

លោក អួន សុវណ្ណារ៉ា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ រួមមាន អគាររដ្ឋបាលថ្មី កំពស់១ជាន់កន្លះ មានទំហំ២៣ម៉ែត្រ គុណ២០ម៉ែត្រ, អគារស្នាក់នៅកម្ពស់២ជាន់១ខ្នង និង១ជាន់១ខ្នង សរុប៣១បន្ទប់, ចំណតរថយន្ត, ឃ្លាំងស្តុកទំនិញ, អាងស្តុកទឹក, អាហារដ្ឋាន, ចាក់ដីបំពេញ ចាក់បេតុង កែលម្អសួចច្បារ និងកន្លែងលេងកីឡាវាយសីផងដែរ៕