(ភ្នំពេញ)៖ យុវជនម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប អាចរកចំណូលបានជាមធ្យមជាង១ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ពីរបរការចិញ្ចឹមឃ្មុំ។

លោក លី ហួ ជាអ្នកចិញ្ចឹមឃ្មុំនៅក្នុងឃុំខ្នាសន្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា លោកបានចិញ្ចឹមឃ្មុំជាមួយអ៊ុរបស់លោកនៅខេត្តរតនគីរី អស់រយៈពេល៤ឆ្នាំមកហើយ បន្ទាប់ពីបានទទួលជំនាញច្បាស់លាស់ពីការចិញ្ចឹមឃ្មុំនេះ លោកក៏បានត្រឡប់មកចិញ្ចឹមនៅស្រុកកំណើតរបស់លោកវិញ ជាមួយនឹងធុងសម្រាប់ចិញ្ចឹមប្រមាណជាង ១០០ធុងសម្រាប់ការចាប់ផ្ដើមដំបូង។

ថ្លែងប្រាប់ Fresh News លោក លី ហួ បានបញ្ជាក់ថា ការចិញ្ចឹមឃ្មុំនេះ មានភាពងាយស្រួលជាងការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ។ ការចិញ្ចឹមឃ្មុំនេះ មានដូចជា ធុង បង្គង ក្រមួន និងមេឃ្មុំដែលទិញពីអ្នកចិញ្ចឹមមុនៗ ហើយសម្រាប់ស្រុកបន្ទាយស្រីនេះ ជាទីតាំងល្អមួយចំពោះការចិញ្ចឹមឃ្មុំ ដោយសារនៅស្រុកបន្ទាយស្រីនេះមានព្រៃមានផ្កា និងមានគេដាំផ្កាច្រើន ដូចជាចម្ការស្វាយចន្ទី ចម្ការកៅស៊ូ រួមទាំងមានប្រភពទឹក ដែលស្រួលឲ្យមេឃ្មុំទៅក្រេបយកលម្អងផងដែរ។

លោកបានឲ្យដឹងថា សម្រាប់ឃ្មុំធម្មជាតិ និងឃ្មុំចិញ្ចឹម គឺមានភាពខុសគ្នាបន្តិចបន្ទួច តែប្រសិនបើលោក គឺលោកឲ្យតម្លៃ និងគុណភាពដូចគ្នា ប្រសិនបើវាមានប្រភពច្បាស់លាស់។

លោកបន្ថែមថា ចំពោះការលក់ទឹកឃ្មុំជាង១០០ធុងវិញ អាចប្រមូលលក់បានបរិមាណច្រើន តែនៅដើមឆ្នាំប៉ុណ្ណោះ គឺក្នុងខែមករានោះទេ ហើយចំណូលដែលទទួលបានវិញ មានចំនួនជាង ៥,០០០ដុល្លារ ឬអាចលើសនេះ ដោយអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងផងដែរ។ ក្នុងខែមករា លោកអាចប្រមូលទឹកឃ្មុំលក់ជាបោះដុំ គឺមានតម្លៃប្រមាណជាជាង ៤០,០០០រៀលក្នុង១លីត្រ ឬអាស្រ័យទៅលើការចរចាគ្នា។

មួយវិញទៀតក្រៅពីប្រមូលលក់នៅខែមករាម្ដងរួចមក សម្រាប់ខែបន្ទាប់ទៀត គឺអាចប្រមូលបានប្រហែលជាជាង៣០លីត្រ ឬអាចលើសបន្តិចបន្តួចប៉ុណ្ណោះ ។

លោកបន្តថា ទៅថ្ងៃអនាគតលោកចង់ដាក់ធុងចិញ្ចឹមឃ្មុំនេះឲ្យកាន់តែច្រើន រួមទាំងរៀបចំកន្លែងចិញ្ចឹមបន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់របស់លោកមានការងារធ្វើ និងរួមចំណែកកាត់បន្ថយភាពក្រីក្រមួយផ្នែកដែរ៕