(កោះកុង)៖ ដោយមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបតាមតំបន់ឆ្នេរ រដ្ឋបាលខេត្តកោះកុងត្រៀមដាក់ឆ្នេរខ្សាច់កម្សាន្តបេក្ខភាពចំនួន ១១ កន្លែង ចូលរួមក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ ក្រោយទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ អមដោយកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំស្តីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងក្រមប្រតិបត្តិឆ្នេរ ឲ្យស្របតាមស្ថានភាពបច្ចុប្បន្នក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅសាលាខេត្តកោះកុង នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត និងលោក អ៊ុក ភ័ត្រា អភិបាលរងខេត្តកោះកុង ដោយមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តកោះកុង។

នៅក្នងអង្គសិក្ខាសាលា លោក នី ផល្លី បានឲ្យដឹងថា បន្ទាប់ពីបានលើកកាលបរិច្ឆេទក្នុងការរៀបចំក្នុងឆ្នាំ២០២១ កន្លងមក និងដោយស្ថានការណ៍បច្ចុបប្បន្ននៃជំងឺកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញសម្រាប់ឆ្នាំ២០២១នេះ។

ក្នុងកិច្ចដំណើរការពិគ្រោះយោបល់លើការធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំស្តីការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត និងក្រមប្រតិបត្តិឆ្នេរ ឲ្យស្របតាមស្ថានភាពបច្ចុប្បន្នក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោកអនុរដ្ឋលេខាធិការ បានស្នើឲ្យដាក់បញ្ចូលសូចនាករគោលធំៗចំនួន ២ បន្ថែមទៀត គឺគោលនយោបាយជាតិភូមិ-ឃុំមានសុវត្ថិភាព និងការអនុវត្តវិធានសុខាភិបាល ដើម្បីធានាបានថាគោលដៅទេសចរណ៍ឆ្នេរខ្សាច់កម្សាន្តទាំងអស់នៅក្នុងខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកសម្រាកកម្សាន្ត។

លោកអនុរដ្ឋលេខាធិការបានបន្ថែមទៀតថា ខេត្តកោះកុង មានឆ្នេរខ្សាច់ស្អាតធម្មជាតិជាច្រើនដែលមានសក្តានុពលខ្ពស់អាចរៀបចំកែលម្អដើម្បីចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ ២០២១ បាន។

លើសពីនោះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាពិនិត្យឃើញថា ឆ្នេរខ្សាច់ទាំងអស់នោះអាចរៀបចំដើម្បីយកពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អបាន ដែលនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជាមេដែកឆក់ជំរុញដល់ការរីកលូតលាស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅតាមតំបន់ជាប់នឹងឆ្នេរខ្សាច់ទាំងនោះផងដែរ។

ដោយមើលឃើញពីសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប លោក នី ផល្លី បានជំរុញដល់រដ្ឋបាលខេត្តកោះកុងធ្វើបច្ចុប្បន្នភាពឆ្នេរខ្សាច់ទាំងអស់នៅតាមក្រុង-ស្រុកដែរមានឆ្នេរ និងរៀបចំជ្រើសរើសឆ្នេរខ្សាច់កម្សាន្តស្អាតៗ ដើម្បីត្រៀមដាក់បញ្ចូលឆ្នេរបេក្ខភាពឲ្យបានច្រើនក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១។ ក្នុងករណីចាំបាច់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង ១និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយគាំទ្រជាបច្ចេកទេសក្នុងការរៀបចំកែលម្អឆ្នេរទាំងនោះអោយបានស្អាតស្របតាមស្តង់ដាបច្ចេកទេសដើម្បីអាចយកបានពិន្ទុ និងចំណាត់ថ្នាក់ល្អ។

ឆ្លើយតបនឹងការជំរុញនេះ រដ្ឋបាលខេត្តកោះកុងក៏នឹងត្រៀមដាក់ឆ្នេរខ្សាច់កម្សាន្តបេក្ខភាពជាច្រើន ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ ក្នុងនោះរួមមាន៖ ឆ្នេរកោះស្នេហ៍ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ឆ្នេរប៉ាក់ខ្លង និងឆ្នេរចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ឆ្នេរនេសាទ និងឆ្នេរជ្រោយស្វាយ ស្ថិតក្នុងស្រុកស្រែអំបិល ឆ្នេរអាវសីវង្ស ឆ្នេរឡាំធាន ឆ្នេរពយស្ងាវ ឆ្នេរអាវយាយសែន ឆ្នេរកោះស្មាច់ និងឆ្នេរកោះសមិត ស្ថិតក្នុងស្រុកគិរីសាគរ៕