(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចំនួន ១៥រូប មកធ្វើទស្សនកិច្ច «បណ្ណាល័យសម្តេចម៉ែ» នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

អស់រយៈកាលជាច្រើនឆ្នាំកន្លងមក មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្លាប់បានសហការជាមួយនឹងកាកបាទក្រហមកម្ពុជា ក្នុងការស្វែងរកសាច់ញាតិក្រុមគ្រួសារប្រជាជនកម្ពុជា ដែលបានបាត់បង់ ឬព្រាត់ប្រាស់ដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ មកទល់បច្ចុប្បន្ន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប្រមាណ ២៣០នាក់ បានដាក់ពាក្យស្វែងរកសាច់ញាតិតាមរយៈមជ្ឈមណ្ឌលឯកសារកម្ពុជា។

គួររំឮកថា ភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាស្តី្រ និងកុមារ។ ស្ត្រីកម្ពុជាបានខិតខំប្រឹងប្រែង ដោយមិនរួញរាក្នុងការស្ដារ លើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មី តាមរយៈការចិញ្ចឹមបីបាច់គ្រួសារ ក្តាប់យកនិងពង្រីកឱកាសសេដ្ឋកិច្ច អភិរក្ស ការពារ និងពង្រឹងសហគមន៍ វប្បធម៌ និងប្រទេសជាតិរបស់ខ្លួន ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ស្ត្រីកម្ពុជា គឺជានិមិត្តរូប នៃដួងព្រលឹងជាតិកម្ពុជា។ បណ្ណាល័យសម្ដេចម៉ែ បង្កើតឡើងដើម្បីឧទ្ទិសដល់ស្ត្រីកម្ពុជា ទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ប្រតិភូទាំង១៥រូប ទទួលបានគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានទស្សនាពិព័រណ៍ព្រះឆាយាលក្ខណ៍សម្តេចព្រះបរមរតនកោដ្ឋ និងរាជវង្សានុវង្ស, ពិព័រណ៍នៃប្លង់រចនាអគារវិទ្យាស្ថានស្លឹករឹត ដែលគឺជាមជ្ឈមណ្ឌលឯកសារកម្ពុជាអចិន្ត្រៃយ៍ រចនាឡើងដោយលោកស្រី ហ្សាហា ហាឌីដ, បរិក្ខារតម្កល់ឯកសារ ព្រមទាំងទទួលជ្រាបព័ត៌មាននានាអំពីការិយាល័យនៅតាមបណ្តាខេត្តទាំង១០ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបង្ហាញដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅមុនពេលបញ្ចប់ ក្រុមប្រតិភូ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានពិភាក្សាលើប្រធានបទដ៏មានសារសំខាន់មួយចំនួន ស្តីអំពីការលើកកម្ពស់តួនាទី និងការផ្តល់ឱកាសដល់ស្ត្រីនៅក្នុងសង្គម។ កិច្ចពិភាក្សាក៏បានផ្តោតទៅលើគម្រោងបច្ចុប្បន្ន និងបន្តបន្ទាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដូចជាគម្រោងលើកកម្ពស់សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងគម្រោងជំរុញការចូលរួមរបស់ស្ត្រីនៅតាមសហគមន៍ដាច់ស្រយាលជាអាទិ៍ ព្រមទាំងកិច្ចសហការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។

ទស្សនកិច្ចបានប្រព្រឹត្តទៅដោយរលូន និងក្នុងបរិយាកាសសោមនស្សរីករាយ។ ជាកិច្ចបញ្ចប់ លោកស្រី ពុំ ចន្ទីនី តំណាងឲ្យកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចារចំណារអនុស្សាវរីយ៍លើសៀវភៅក្រាំងមានរបស់ «បណ្ណាល័យសម្តេចម៉ែ» ដែលមានខ្លឹមសារដូចតទៅ៖

«ក្នុងនាមគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅ «បណ្ណាល័យសម្តេចម៉ែ» នាថ្ងៃនេះ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីកោតសរសើរ ចំពោះគំនិតផ្តួចផ្តើម និងសមិទ្ធផល ដែលបានស្រាវជ្រាវដ៏សម្បូរបែប ដើម្បីទុកជាប្រវត្តិសាស្ត្រសម្រាប់អនាគតកូនខ្មែរ រាប់ដំណរតទៅមុខទៀត កុំឲ្យភ្លេចនូវអតីតកាលដ៏ជូរចត់ ដ៏ខ្មៅងងឹតតែមួយនៅក្នុងប្រទេសកម្ពុជា។ នេះក៏ជាមេរៀនដកពិសោធន៍ឲ្យជំនាន់ក្រោយៗ ខិតខំ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិតរៀងទៅ»