(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អង្គភាពទៅទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមជំនួយរបស់ចិន លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត។

វ៉ាក់សាំងកូវីដ១៩ ជាការជួយធ្វើឱ្យមានទំនុកចិត្តបន្ថែមមួយកម្រិតទៀត លើវិធានការនានា ដើម្បីធានាថា សុខភាពរបស់របស់មនុស្សបានរួចផុត ពីការវាយប្រហារដោយមេរោគកូវីដ១៩។

មកដល់ពេលនេះពិភពលោកកំពុងបន្តវាយប្រហារ និងញ៉ាំញីខ្លាំងដោយជំងឺកូវីដ១៩។ វ៉ាក់សាំងកូវីដ១៩ ជាតម្រូវការដ៏ចាំបាច់មួយសម្រាប់ដោះស្រាយវិបត្តិបង្កដោយជំងឺកូវីដ១៩នេះ។ ភាពចាំបាច់នៃវ៉ាក់សាំងនេះនាំឱ្យវ៉ាក់សាំងកូវីដ១៩ក្លាយជាទំនិញដ៏មានតម្លៃ ហើយប្រទេសលើលោកជាច្រើនដណ្តើមគ្នាទិញវ៉ាក់សាំងយកទៅចាក់ជូនពលរដ្ឋរបស់គេ។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះលើពិភពលោកដែលបានទទួលបានវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជាជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួន៣ នៅអាស៊ានដែលបានដំណេីរការចាក់វ៉ាក់សាំង។

ការទទួល និងដំណើរការចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿននេះ គឺជាការគិតគូរនិងដាក់ចេញនូវផែនការនយោបាយមួយច្បាស់លាស់របស់ រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩។

លោក លឹម ជាវុត្ថា បានលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ គឺមានសារៈសំខាន់ណាស់សម្រាប់សុខភាព និងសម្រាប់ការពារពីជំងឺកូវីដ។ លោកបានគោរពអរគុណថ្លែង អំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគិតគូរ និងប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានសម្តែងការអរគុណ និងដឹងគុណរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ជាជំនួយដ៏មានតម្លៃសម្រាប់ធានាដល់សុខមាលភាពពលរដ្ឋកម្ពុជា គេចផុតពីយាយីដោយមេរោគកូវីដ១៩។

សូមបញ្ជាក់ថា កម្ពុជាទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូស សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា។ វ៉ាក់សាំងចំនួន ៦០ម៉ឺនដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈ ដោយមានការទទួលផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន។

កម្ពុជាចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ។ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ កម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩ បានជាង២ម៉ឺននាក់ហើយ៕