(ស្វាយរៀង)៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមលើកទី២ អាណត្តិទី៣ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សយ កុសល ប្រធានសម្ព័ន្ធជាតិសមាគម, លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងលោក អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក រស់ ផារិទ្ធ បានលើកឡើងថា ដើម្បីឲ្យសមាគមដំណើរការកាន់តែប្រសើរឡើង និងទទួលបានជោគជ័យនោះ គឺគ្រប់សមាជិកទាំងអស់ នៃក្រុមប្រឹក្សាសមាគមគប្បីហ៊ានបញ្ចេញមតិយោបល់ និងការបញ្ចុះបញ្ចូលដល់គ្រប់អ្នកពាក់ព័ន្ធ និងសមាជិករបស់ខ្លួន ដើម្បីទទួលបាននូវចំណុចវិជ្ជមាន និងអវិជ្ជមាន និងការប្រើប្រាស់ថវិកាត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌដែលបានចែង និងមានការទទួលខុសត្រូវខ្ពស់។

លោកបានបន្តថា ថ្ងៃនេះសមាគមបានបង្ហាញនូវគោលបំណងរួមរបស់ខ្លួន ដែលបានបង្កើតឡើង គឺដើម្បីការពារផលប្រយោជន៍រួមរបស់សមាជិកខ្លួន និងសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំទាំងអស់ ដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសបានបង្ហាញអំពីរបាយការណ៍សកម្មភាព និងថវិកាសមាគម ដែលបានអនុវត្តក្នុងឆ្នាំ២០២០កន្លងនេះ ដើម្បីឲ្យលោក លោកស្រី បានដឹងអំពីការប្រើប្រាស់នូវថវិកាសមាជិកភាពពីភាគរយ ដែលទទួលបានពីក្រុង ស្រុក ឃុំ សង្កាត់។

ជាមួយគ្នានេះ លោក រស់ ផារិទ្ធ ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នដែលពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិបន្តធ្វើកិច្ចសហប្រតិបត្តិការ និងគាំទ្របន្ថែមទៀត ដល់សមាគមសម្រេចឲ្យបាននូវគោលបំណងរបស់ខ្លួន ពោលលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីសម្រេចបាននូវ រដ្ឋាភិបាលប្រជាធិបតេយ្យ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការដែលមានប្រសិទ្ធភាព មាននិរន្តភាពមានតម្លាភាព និងការពឹងផ្អែកលើខ្លួនឯងក្នុងទិសដៅរួម គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕