(ភ្នំពេញ)៖ ជនដៃដល់ម្នាក់ទៀតសរុប៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំង នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ បានឈ្លោះប្រកែកគ្នា និងកាប់ទៅលើយុវជនមួយក្រុមទៀត ដែលមានបក្ខពួកចំនួន ៤នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់កាលពីជិតមួយឆ្នាំមុន។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំណុចផ្ទះជួលលេខ១៣ ផ្លូវបេតុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ផុន ភិន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ខ្លួនថ្ងៃទី១៨ ខែកុម្ភៈ ២០២១។
*ទី២៖ឈ្មោះ ផេក ចក្រា អាយុជាង២០ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចាប់ខ្លួនថ្ងៃ២៩ ខែកុម្ភៈ ២០២០ និង២នាក់ទៀត នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ។

ចំណែកឯជនរងគ្រោះទី១៖ ឈ្មោះ លិន ឈឿន អាយុ៣១ឆ្នាំ មុខរបររោងចក្រស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានស្លាប់។ ទី២៖ ឈ្មោះ អ៊ុន ស៊ា អាយុ២២ឆ្នាំ មុខរបររោងចក្រស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវរបួសក្បាលភ្នែក និងស្រាំលលាក្បាល។

មន្ត្រីនគរបាលជំនាញបានបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១៖៣០នាទី ជនរងគ្រោះរួមទាំងមិត្តភក្កិបាននាំគ្នាអង្គុយផឹកស្រា ក្រឡុកនៅម្ដុំលើស្ពានថ្មផ្លូវផ្សារទួលពង្រ ស្ថិតនៅទីតាំងកើតហេតុ។ ខណៈដែលពួកគេចប់ការស៊ីផឹករួច បម្រុងទៅផ្ទះជួលស្របពេលដែលជនរងគ្រោះដើរចេញក៏មានការទាក់ពាក្យសម្ដីគ្នាជាមួយក្រុមជនសង្ស័យដែលដើរគ្នាចំនួនពីរនាក់ដែលដើរកាត់ពីខាងមុខហាង។

ខណៈដែលទាក់ពាក្យសម្ដីគ្នាជនសង្ស័យបានខលទូរស័ព្ទទៅហៅបក្ខពួកមានគ្នាចំនួន៣ នាក់បន្ថែមប្រដាប់ដោយអាវុធរួចក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់។ ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ស្រម៉ោលតែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការចំណែកឯបក្ខពួក ដែលនៅសេសសល់កម្លាំងកំពុងបន្តការស្រាវជ្រាវតាមចាប់បន្តទៀត៕