(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ឱ្យអនុវត្តនូវ «គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០»។ នេះបើយោងតាមគោលនយោបាយរបស់សម្តេចតេជោ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ ការដាក់ចេញឱ្យអនុវត្តគោលនយោបាយនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅក្នុងមុំទី៤ «ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» នៃចតុកោណទី៤ «ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន»។

សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ត្រូវដាក់ចេញឱ្យអនុវត្តនូវ «គោលនយោបាយស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០» ដែលមានមានចក្ខុវិស័យ «រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របនឹងកំណើននៃនគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស» និងមានគោលបំណង «រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ការដែរបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ គឺនៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេ សម្រាប់បុព្វហេតុនៃកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងបរិយាប័ន្ន ប៉ុន្តែចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ ការផ្លាស់ប្តូរឥរិយាបថ ទម្លាប់ របៀបរបបរស់នៅ របៀបរបបនៃការធ្វើអាជីវកម្ម-ផលិតកម្ម ប្រមទាំងការយល់ដឹងរបស់គ្រប់តួអង្គនិងភាគីពាក់ព័ន្ធទាំងអស់ ដែលជាអ្នកបង្កើតសំរាម សំណល់រឹងទីប្រជុំជន ដោយត្រូវអនុវត្តគោលការណ៍សកល ៣ អ៊ែ (3Rs) កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃ (Recycle) ហើយត្រូវចាត់ទុកថា«សំណល់ជាធនធាន» រីឯ «អ្នកបង្កើតសំរាមមានកាតព្វកិច្ចបង់ថ្លៃសេវា»។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំផងដែរឱ្យក្រសួង-ស្ថាប័នទាំងអស់ ប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយបុរេសកម្ម និងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវភាពជោគជ័យនៃការអនុវត្តគោលនយោបាយនេះ។ រាជរដ្ឋាភិបាល នឹងផ្តល់ការលើកទឹកចិត្ត ដល់ភាគីបាក់ព័ន្ធដែលនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសំរាម សំណល់រឹងទីប្រជុំជននេះ។

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់សកម្មចូលរូមអនុវត្តគោលនយោបាយនេះ និងប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងការចូលរួមចំណែកថែរក្សា អភិរក្សបរិស្ថាន ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ» ដែលជាបុរេលក្ខខណ្ឌកំណត់ភាពជោគជ័យនៃសមរភូមិកែទម្រង់ និងការដ្ឋានការងារថ្មីមួយនេះ៕

ខាងក្រោមនេះ ជាគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០៖